(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះដោយគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានទទួលការពិនិត្យ និងការព្យាបាលជំងឺច្រមុះ ត្រចៀក និងបំពង់ករ ពីបុរីមេគង្គ លែន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេស អង្គការ ហូប កម្ពុជា (HOPE Cambodia)។

នៅក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ក៏បានឧបត្ថម្ភជាថវិកាចំនួន ២.០០០.០០០ រៀលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងទទួលបានការឧបត្ថម្ភគាំទ្រសម្ភារបរិក្ខា និងថ្នាំពេទ្យ។

លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អប្រពៃណី លោកឧកញ៉ា ជាម ឃុនណាត និងលោកស្រី ហេង ចិន្ដានាយកក្រុមហ៊ុនមេគង្គលែន ដែលបានឧបត្ថម្ភថវិកា ក្នុងការពិនិត្យ ព្យាបាលដល់ដល់ជនរងគ្រោះ ដោយគ្រឿងញៀនចំនួន ២.៤៦០នាក់ ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបុរីមេគង្គលែន បានផ្តល់ការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋ ហើយបុរី តែងតែជួយគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិ ក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជា ការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថម្ភសប្បុរសធម៌ទៅតាមកម្មវិធីផ្សេងៗ រួមមាន ការផ្តល់ជំនួយសម្រាប់កម្មវីធីនៅក្នុងថ្ងៃនេះជាដើម។ល។ ការជួយដល់អ្នកដែលកំពុងតែត្រូវការជំនួយ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកជួយដល់ពួកគាត់ រួមទាំងសង្គមជាតិ ទាំងមូលផងដែរ៕