(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៤០គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចប្រធានតែងតែ គិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនាវណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល។
ជាមួយគ្នានេះ លោកប្រធានក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធានការការពារខ្លួនជានិច្ច គឺ «៣ការពារ និង៣កុំ»។
លោកប្រធានអនុសាខា បានបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន៖ អង្ករ ១បាវ ២៥គីឡូ, មីម៉ាម៉ា ១កេស, ទឹកសុទ្ធ វីតាល់ ១កេស, ទឹកស៊ីអ៉ីវ ឬទឹកត្រី ១យួរ, ជែលលាងដៃ ១ដបធំ និងម៉ាស១ប្រអប់៕