(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមុខមកច្រានចោលជុំវិញ ការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងរថយន្តចូលក្នុងរាជធានីភ្នំពេញខុសម៉ោងអនុញ្ញាតជាចេតនាបង្ខូចកិត្តិយសរបស់លោកផ្ទាល់ ក៏ដូចជាមន្ត្រីនគរបាលអនុវត្តច្បាប់ជាដើម។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងបញ្ហាហ្នឹង ខ្ញុំក៏បានឃើញលើបណ្តាញសង្គមចំនួនលើការចុះផ្សាយព័ត៌មានមិនពិត ផ្តោតសំខាន់លើការបរិហារកេរ្តិ៍រូបខ្ញុំផ្ទាល់ ដែលជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលភ្នំពេញ ហើយក៏ជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែរ។ យើងឃើញថា នៅក្នុងឆ្នាំមុនៗ គឺមានលទ្ធភាពច្រើនទាក់ទង ទៅនឹងឡានធំចូលខុសម៉ោង ឡានធំចូលមកបង្កគ្រោះថ្នាក់ចរាចរណ៍បង្កការកកស្ទះ និងបាតុភាពផ្សេងៗ ជាយថាហេតុ ដូច្នេះហើយដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញមក ក្រុមប្រតិកម្មរហ័ស គឺយើងបានទាក់ទងទៅមន្ត្រីជំនាញដែលអនុវត្តតាមគោលដៅ ឱ្យពង្រឹងលើការងារហ្នឹងតាមបទបញ្ជាទៅតាមសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានតឹងរ៉ឹងបំផុត»។
បន្ថែមពីនេះលោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ចាប់ពីខែ១០ ឆ្នាំ២០២១ កម្លាំងបានអនុវត្តវិធានការនេះ ដោយមើលឃើញថា ស្ទើរតែមិនមានឡានធំចេញចូលក្រុងខុសម៉ោង លើកលែងតែករណីចន្លោះប្រហោងបន្តិចបន្តួច វាអាចនៅមានខ្លះ ហើយចំពោះរថយន្តដឹកផ្តេកផ្តាស់ដូចគ្នា។
ដោយឡែកជុំវិញបញ្ហាផ្លាកបិទលើរថយន្តនីមួយៗដែលធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា៖ «សម្រាប់បញ្ហាផ្លាកបិទលើរថយន្តគឺលោកមិនដឹងនោះទេ នេះជាការងាររបស់ក្រុមហ៊ុនឯកជននីមួយៗ ដែលបានដាក់ផ្លាកសម្គាល់ក្រុមហ៊ុនជារឿងរបស់ពួកគាត់»។
មន្ត្រីនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ ក៏បានលើកឡើងថា វាជារឿងធម្មតាហើយ សម្រាប់អ្នកដែលបំពេញតួនាទី ភារកិច្ចគឹតែងតែប្រឈមនឹងការខុសឆ្គងបន្តិចបន្តួច ជាពិសេសធ្វើបុគ្គលដែលកំពុងទទួលផល ប្រយោជន៍ពីបទល្មើសនេះមិនពេញចិត្ត ដូច្នេះ ពេលណាមន្ត្រីអនុវត្តច្បាប់តឹងរ៉ឹងចំពោះករណីនេះនឹងធ្វើឱ្យក្រុមរកស៉ីខិលខូចមួយចំនួន ព្រមទាំងមន្ត្រីខិលខូចមួយចំនួនតូចចំពោះសកម្មភាព ដែលមន្ត្រីអនុវត្តច្បាប់អនុវត្ត តឹងរ៉ឹងតាមវិធានការច្បាប់ បទបញ្ជា និងសំណូមពររបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា លោកបានរៀបចំសំណុំរឿងដើម្បីដាក់ពាក្យបណ្តឹងអ្នកសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយមិនពិត ពីបទបរិហារកេរ្តិ៍មកលើរូបលោក យ៉ាងយូរនៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ សប្តាហ៍ក្រោយ ដើម្បីកោះហៅឱ្យចូលបំភ្លឺបំពោះការបរិហារកេរ្តិ៍ជាសាធារណៈ ដោយផ្ដោតសំខាន់លើមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
បើយោងតាមមាត្រា ៣០៥ នៃព្រមព្រហ្មទណ្ឌ បានបញ្ជាក់យ៉ាងច្បាស់ថា «គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍, ត្រូវពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយ ដូចតទៅ៖
*ទី១៖ តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
*ទី២៖ តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឱ្យសាធារណជនមើល។
និងទី៣៖ តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន»៕