(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សួន រិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកជំទាវ អ៊ូ វាសនា ភរិយារបស់ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ក្នុងសារលិខិតផ្ញើជូនឯកឧត្តម សូ ម៉ារ៉ា ឯកឧត្តមបណ្ឌិត សួន រិនឌី បានលើកឡើងថា «ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំចំពោះមរណភាពលោកជំទាវ អ៊ូ វាសនា ភរិយារបស់ឯកឧត្តម នៅថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី
ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ»។
សារលិខិតរបស់ឯកឧត្តមបណ្ឌិត សួន រិនឌី បានបន្តថា «ខ្ញុំសូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយឯកឧត្តម កូនៗ និងចៅៗ ចំពោះការបាត់បង់លោកជំទាវ អ៊ូ វាសនា ជាភរិយា ជាម្ដាយប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃសម្រាប់កូន កូនប្រសារ ចៅទាំងអស់។ រូបកាយរបស់លោកជំទាវ អ៊ូ វាសនា បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់នូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម នៅដក់ជាប់មនោសញ្ចេតនាឯកឧត្តមជាស្វាមី បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»។
ឯកឧត្តមបណ្ឌិត សួន រិនឌី ក៏បានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធលោកជំទាវ អ៊ូ វាសនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះគឺជាសារលិខិតរំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិត សួន រិនឌី ជូនចំពោះឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍៖