(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានចុះបង្រ្កាបឈើអារប្រភេទឈើប្រណិត និងឈើលេខ១ បានជាច្រើនម៉ែត្រគូប គ្មានច្បាប់អនុញ្ញាត្តតពីរដ្ឋបាលព្រៃឈើ។
ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ បានបញ្ជាក់ថា កម្លាំងចម្រុះដែលចូលរួមបង្រ្កាបរួមមាន៖ ផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ កម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវឌ្ឍនៈ កំពង់ចាម នគរបាលសេដ្ឋកិច្ចក្រសួង រួមអាជ្ញាធរភូមិ ឃុំ។
ជាលទ្ធផលក្រុមការងារបានធ្វើការដកហូតឈើអារប្រណិត និងលេខ១ (បេង និងសុក្រម) ចំនួន២៤១ដុំ ក្នុងនោះមានឈើអារប្រណិត (បេង) ចំនួន៥០ដុំ។
ឈើអារប្រណិត និងលេខ១ (បេង និងសុក្រម) ចំនួនដូចបានរៀបរាប់ខាងលើនេះ គឺបានដកហូតពីដីលំនៅដ្ឋានរបស់ឈ្មោះ វ៉ាន់ គឹមឆេង ភេទប្រុស អាយុ៧២ឆ្នាំ ជាគណៈកម្មាការអាចារវត្តព្រែកគ្រៀង ដកបានឈើបេងចំនួន៥០ដុំ, សុក្រមចំនួន១៣៧ដុំ។ នៅក្នុងដីលំនៅដ្ឋានរបស់ឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ៤២ឆ្នាំ ដកហូតឈើអារលេខ១ (សុក្រម) ចំនួន៣៤ដុំ និងនៅក្នុងដីលំនៅដ្ឋាន (ខាងមុខផ្ទះ) របស់ឈ្មោះ វ៉ាន់ ពុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀន ដកហូតឈើអារលេខ១ (សុក្រម) ចំនួន២០ដុំ។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ការដកហូតឈើអារជាច្រើនម៉ែត្រគូបខាងលើនេះ គឺពីបទល្មើសធ្វើសន្និធិដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅត្រង់ចំណុចភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកដំបូរខេត្តក្រចេះ។
បច្ចប្បន្នវត្ថុតាងទាំងអស់ ដែលបានដកហូតបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឃនៈ ដើម្បីចាត់ការតាមនីតិវិធីស្តីពីព្រៃឈើ៕