(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេលមួយព្រឹក នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ពេលនេះបានឈប់សម្រាកដើម្បីទទួលទានអាហារថ្ងៃត្រង់ ហើយនឹងបន្តដំណើរការឡើងវិញនៅម៉ោង២៖៣០នាទីរសៀលនេះ។
គណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នារាជធានីភ្នំពេញ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីអនុប្រធានទាំង៤រូប សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។
របៀបវារៈសន្និបាតវិសាមញ្ញនេះ មានការថ្លែងសុន្ទរកថាបើកសន្និបាតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, ការបង្ហាញរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣, កិច្ចពិភាក្សានៅក្នុងអង្គសន្និបាត ហើយចុងក្រោយមានមតិបូកសរុប និងណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាដើម។
ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ អង្គសន្និបាតបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត។ ជាមួយគ្នានេះ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ក៏បានបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្ស២រូបថែមទៀតនោះគឺ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕