(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការី បានចុះទៅជួបសំណេះសំណាល និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតក្នុង មូលដ្ឋានឃុំឈើកាច់នៃស្រុកបាភ្នំ ដើម្បីចូលរួមអបអរសាទរជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តភណ្ឌាគារិការាម ហៅវត្តឃ្លាំង ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ លោកស្រីជាសមាជិករដ្ឋសភា លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អនុប្រធានក្រុមការងារស្រុក ប្រធាន និងអនុប្រធានក្រុមការងារឃុំទាំង៩ លោក លោកស្រីជាសមាជិកសមាជិកា សកម្មជនគណបក្ស មេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំទើប ជាប់ឆ្នោតថ្មី និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋសរុបអ្នកចូលរួមទាំងអស់មានចំនួនប្រមាណជិត ២០០០នាក់។

បន្ទាប់ពីលោក យឹម សាភាន់ មេឃុំឈើកាច់ និងជាប្រធានគណៈកម្មាធិការគណបក្សឃុំឈើកាច់ ធ្វើរបាយការណ៍សង្ខេបស្ដីពីស្ថានភាពទូទៅក្នុងឃុំ និងពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិសម្ដែងការអបអរសាទរ និងអរគុណជាអនេកប្បការជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតក្នុងឃុំឈើកាច់ និងប្រជាពលរដ្ឋស្រុកបាភ្នំ ដែលបានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្តជឿទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់អនាគតសង្គមជាតិតរៀងទៅ។

លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុកបានគូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ប្រជាជនមានសេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាព វិបុលភាពឥតឈប់ឈរ។
ប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ-១៩រយៈពេលជាង២ឆ្នាំមកនេះ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានដឹកនាំចលនាជាតិប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងបានការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ រហូតឈាន មកដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិឱ្យដំណើរការធម្មតាជាប្រក្រតីឡើងវិញដូចសព្វថ្ងៃ។

ទន្ទឹមនោះ រាជរដ្ឋាភិបាលនៅបានដឹកនាំបន្តដោះស្រាយជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីពុះពារជំនះរាល់ផលប៉ះពាល់បង្កដោយកូវីដ-១៩ ក៏ដូចជាវិបត្តិដទៃទៀតដែលបង្កឡើងដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនច្បាស់លាស់នៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ន។

ចុងបញ្ចប់ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបានថ្លែងរំលឹកក្រុមការងារ មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ថា ដើម្បីតបស្នងចំពោះជំនឿទុកចិត្តរបស់ប្រជាជនត្រូវពុះពារសំរេចភារកិច្ច នយោបាយក្នុងបន្ទុកទទួលខុសត្រូវរៀងៗខ្លួន ខិតខំប្រែក្លាយទៅជាសកម្មភាពការងារជាក់ស្ដែង ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនតាមរយៈការធ្វើអំពើល្អសព្វបែបយ៉ាង ជួយប្រជាជនគ្រប់ពេលវេលា ដើម្បីរក្សាឧត្ដមភាពប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជាឈានទៅដណ្ដើមជ័យជំនះសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាឆ្នាំ២០២៣ខាងមុខទៀត។

លោកប្រធានក្រុមការងារ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រងត្រាប់សេចក្តីអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបន្តចូលរួមចលនាទប់ស្កាត់ និងគ្រប់គ្រង កូវីដ-១៩ ដោយត្រូវទៅចូលរួម ទទួលវ៉ាក់សាំង កូវីដ -១៩ ដូសទី៣ ទី៤ និងទី៥ ជាបន្តទៀត សំដៅ ពង្រឹង ភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ រួមចំណែកបង្ក ឱកាស ខ្លាំងក្លា ថែមទៀតដល់ការបើកទូលាយ សកម្មភាព សេដ្ឋកិច្ចសង្គមជាតិ ប្រកបដោយប្រក្រតីភាពជា ធម្មតា ឡើង វិញ។

សូមបញ្ជាក់ថា នាព្រឹកព្រលឹមថ្ងៃនោះដែរ មុននឹងចាប់ផ្តើមពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោក រដ្ឋមន្ត្រី ព្រុំ សុខា បានចូលថ្វាយបង្គំព្រះសង្ឃគង់ចាំព្រះវស្សាក្នុងទីវត្តភណ្ឌាគារិការាម ហៅវត្តឃ្លាំង ដោយនាំមកទៀនព្រះវស្សា ទេយ្យទានសម្ភារៈ និងបច្ច័យប្រគេនដល់ព្រះសង្ឃផងដែរ៕