(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា ភរិយា ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
ក្នុងសារលិខិតផ្ញើជូន ឯកឧត្តម សូ ម៉ារ៉ា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងថា ខ្ញុំ និងភរិយា មានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង នៅពេលដែលបានទទួលដំណឹងមរណភាព របស់ លោកជំទាវ អ៊ូ វាសនា ដែលត្រូវជាភរិយា របស់ ឯកឧត្តម ដែលបានទទួលមរណភាព នៅថ្ងៃសុក ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
ខ្ញុំ សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ ឯកឧត្តម និង ក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវ លោកជំទាវ អ៊ូ វាសនា ភរិយា ម្តាយ ម្តាយក្មេក ជាជីដូន នឹងជា ចាស់ទុំប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អ ជាទីគោរពស្រឡាញ់បំផុត។
ជាទីបញ្ចប់ ខ្ញុំ និងភរិយា សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា បានទៅសោយសុខក្នុង ឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕