(បាត់ដំបង)៖ អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ កងពលតូចថ្មើរជើងលេង៥៣ ស្តីពីផែនការត្រៀមចល័តអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិ ឆ្នាំ២០២២, លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងមធ្យោបាយបម្រើឲ្យការសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ ។
លោកមេបញ្ជាការបានលើកឡើងថា ក្នុងនាមជាកងកម្លាំង មានតួនាទីភារកិច្ច គឺត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ចល័តអន្តរាគមន៍ ដោះស្រាយយថាហេតុ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិផ្សេងៗ តបតាមសំណូមពរអាជ្ញាធរមូលដ្ឋាន។
ជាចុងក្រោយលោកវរសេនីយ៍ត្រី ម៉ែន មូលី បានថ្លែងការកោតសរសើរ និងអំណរគុណដល់ នាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចថ្មើរជើងលេខ៥៣៣ ដែលកំពុងបំពេញបេសកកម្ម តាមតួនាទីភារកិច្ច តបនិងបទបញ្ជា របស់លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេង៥៣ ក៏ដូចជាផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនេះដែរ លោកមេបញ្ជាការ បានធ្វើការផ្សព្វផ្សាយ និងអប់រំ ស្តីអំពីអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ «៣ការពារ និង ៣កុំ» និងការណែនាំរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន ៕