(ហាណូយ)៖ ខណៈកំពុងបំពេញដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក John Kerry នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចដែលបាននឹងកំពុងធ្វើឡើង របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama នៅប្រទេសវៀតណាម គឺត្រូវបានគេមើលឃើញថាជា «ជំហានដ៏វែងឆ្ងាយ» នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-វៀតណាម ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ចាប់តាំងពីទំនាក់ទំនងបានកែមកជាធម្មតាវិញ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក John Kerry បានលើកឡើងបែបនេះ ខណៈកំពុងប្រារព្ធកិច្ចចរចាជាមួយនឹង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅរដ្ឋធានី Hanoi ក្នុងឱកាសដំណើរទស្សនៈកិច្ច៣ថ្ងៃ របស់លោក Obama នៅវៀតណាម។ នៅក្នុងកិច្ចចរចា ភាគីទាំងពីរបានស្វាគមន៍នូវលទ្ធផលនៃកិច្ចពិភាក្សា, កិច្ចប្រជុំ និងការផ្លាស់ប្តូរ រវាងក្រុមមេដឹកនាំវៀតណាម និងប្រធានាធិបតីសហរដ្ឋអាម៉េរិក ព្រមទាំងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសំខាន់ៗ ជាពិសេសលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, កិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងការផ្លាស់ប្តូរអាកាសធាតុ និងដោះស្រាយបញ្ហាដែលនៅសេសសល់ពីសង្គ្រាម។
សូមរំលឹកថា ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក បានប្រែមកជាធម្មតាវិញ នៅក្នុងឆ្នាំ១៩៩៥ ក្រោយ២ទសវត្សន៍ បន្ទាប់ពីបញ្ចប់សង្គ្រាមបង្ហូរឈាមអស់រយៈពេល១៩ឆ្នាំ៕