(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ ឆ្នាំទី៤ អាណត្តិទី៣ ដោយដាក់ចេញនូវរបៀបវារៈចំនួន៧ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយរងសាលាខេត្ត រដ្ឋបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣។
ផ្អែកតាមររៀបវារៈ នៃកិច្ចប្រជុំសាមញ្ញនេះ មានចំនួន៧ ត្រូវបានលើកយកមកពិភាក្សា ពិនិត្យនិងអនុម័តរួមមាន៖ ១៖ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២៖ពិនិត្យ និងអនុម័តសេចក្តីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, ៣៖ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, ៤៖ពិនិត្យ និងអនុម័តសេចក្តីព្រាងដីកា ស្តីពីការកែសម្រួល គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងសុខាភិបាល, ៥៖ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការសុំច្បាប់អវត្តមាន កិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ, ៦៖របាយការណ៍គណៈកម្មការនានា របស់ក្រុមប្រឹក្សាខេត្ត និង៧៖បញ្ហាផ្សេងៗ។
លោក ចេង ឡៃ អភិបាលខេត្តស្តីទី បានលើកឡើងកែសម្រួលថា មុនការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១០ ចុះថ្ងៃទី០៧ ឧសភា ឆ្នាំ២០២២ ស្តីពីការកាត់ដីតំបន់៣ ចំនួន៣,៤៤៨.៧៧ហិកតា ចូលក្នុងតំបន់២ ជូនប្រជាជនចំនួន១,៦៥៨គ្រួសារ ហើយត្រូវបានធ្វើការផ្សព្វផ្សាយនៅស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ។
ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចេញប័ណ្ណកម្មសិទ្ធិ លើការប្រើប្រាស់ និងអាស្រ័យផលដំបូងគេ ដោយយកខេត្តពោធិ៍សាត់ជាគម្រូ សម្រាប់បណ្តាខេត្តផ្សេងទៀតជាប់បឹងទន្លេសាប។ ចំពោះបទល្មើសជលផល បានចុះបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំឃើញថា មានការថយចុះច្រើន។ ដោយឡែកនៅឃុំអូរសោម និងឃុំមួយចំនួនទៀត នៃស្រុកវាលវែង ជនបទល្មើសមកពីខេត្តផ្សេងៗ តែងតែឆ្លៀតឱកាសចូលទៅកាប់ឆ្ការរុករាន ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញចុះបង្ក្រាបជាបន្តបន្ទាប់។
ក្នុងនោះ លោក ម៉ៅ សាន បានថ្លែងនូវការបូកសរុបថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ទើបតែប្រកាសសុពលភាព ត្រូវតែចាប់ដំណើរការអនុវត្តតួនាទីភារកិច្ច ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន ដើម្បីសម្តែងឲ្យប្រជាពលរដ្ឋបានឃើញ និងមានទំនុកចិត្ត។ អំពើល្អរបស់មន្ត្រីរដ្ឋបាលឃុំ សង្កាត់ គឺនាំមកនូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខនេះ។
លោកបន្ដថា មន្ត្រីចុះមូលដ្ឋានត្រូវតែមានទំនាក់ទំនងល្អ ជាមួយប្រជាជន និងជួយដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលា។ ចំពោះបទល្មើសព្រៃឈើ ជលផល ល្បែងស៊ីសង និងគ្រឿងញៀន នៅតែកើតមាន ដូចនេះត្រូវតែប្រើប្រាស់នូវកម្លាំងសរុប វិធានការសរុប រួមគ្នាបង្ក្រាប់ និងលុបបំបាត់ ក្នុងគោលបំណងរក្សាការពារធនធានធម្មជាតិ និងភាពសុខសាន្តជូនប្រជាជន។ ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ថ្នាក់ ជួយជំរុញប្រជាជន និងមន្ត្រីរាជការចាក់វ៉ាកសាំងបង្កាជំងឺកូវីដ ឲ្យបានគ្រប់ៗគ្នា៕