(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ, បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា និងដាក់ថ្នាំអាប៊ែត ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅជុំវិញទីប្រជុំផ្សារតំបែរ ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក។ យុទ្ធនាការនេះដឹកនាំដោយលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត រួមទាំងថ្នាក់ដឹនាំ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងឱកាសនោះ លោក វ៉ង វ៉ាន់នី បានថ្លែងថា នៅខេត្ដត្បូងឃ្មុំកន្លងមកនេះ រាល់រដូវភ្លៀងធ្លាក់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែសហការគ្នា ចុះផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋ ពីជំងឺផ្សេងៗជាពិសេស ជំងឺគ្រុនឈាម និងគ្រុនឈីក ដែលបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ឈានទៅដល់បាត់បង់ជីវិត។
លោកបានគូសបញ្ជាក់ថា គោលបំណង នៃយុទ្ធនាការផ្សព្វផ្សាយវិធានការជំងឺគ្រុនមឈាម ដែលសាខាបានធ្វើកន្លងមកនេះ ដោយទទួលបានពីរបាយការណ៍មន្ទីរសុខាភិបាលខេត្តអំពីការឆ្លងរាលដាល នៃជំងឺគ្រុនឈាមនៅតាមបណ្តាភូមិ-ឃុំមួយចំនួន ដូចនេះទើបលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានចង្អុលបង្ហាញ និងណែនាំដល់មន្ត្រីប្រតិបត្តិសាខា សហការជាមួយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ចុះអប់រំ ផ្សព្វផ្សាយ អំពីវិធានការការពារទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។
លោកថា ក្នុងសកម្មភាពនោះបានធ្វើការដាក់ថ្នាំអាប៊ែត ចែកខិត្តប័ណ្ណផ្សព្វផ្សាយ ព្រមទាំងចាក់សារអប់រំ របស់ក្រសួងសុខាភិបាល ដើម្បីជាសារដាស់តឿនណែនាំឲ្យបានជ្រួតជ្រាប ទៅដល់ប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ-ឃុំ-ស្រុកអូររាំងឪ និងស្រុកពញាក្រែករួចមកហើយ ជាក់ស្តែងពេលនេះនៅក្នុងស្រុកតំបែរ ក៍នឹងបន្តចុះអនុវត្តន៍តាមភូមិឃុំស្រុកមនីមួយៗនៅទូទាំងខេត្ត ដោយបន្តធ្វើរហូតផុតរដូវកាលជំងឺគ្រុនឈាម និងគ្រុនឈីក។
លោក វង វ៉ាន់នី បញ្ជាក់បន្ថែមថា បានប្រសិនបើកន្លែងណាដែលមានផ្ទុះនៃជំងឺទាំងនេះ ក្រុមការងារសាខា និងសហការជាមួយមន្ទីរសុខាភិបាល ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់ជម្រកមូសខ្លា ភ្លាមតែម្តង ដើម្បីលុបបំបាត់ជម្រកមូសខ្លាជូនពលរដ្ឋ។
សាខាកាកបាទក្រហមកម្ពុជាខេត្ដ នឹងបន្តប្ដេជ្ញាចុះអប់រំផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋបន្តទៀត ឲ្យពួកគាត់បានយល់កាន់តែច្បាស់ និងដឹងពីវិធីការពារខ្លួនពីជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀត បើទោះបីក្នុងបរិបទជំងឺកូវីដ១៩ ដោយយើងអនុវត្ដនូវវិធាន ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងវិធាននានា របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនជាប់ជានិច្ច៕