(ភ្នំពេញ)៖ សាខាគណៈកម្មាធិការសាខាបក្សមូលដ្ឋានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនថ្មី ចំនួន៥៥រូប (ស្រី២៧រូប) និងប្រជុំជីវភាពប្រចាំខែមិថុនា ទិសដៅខែកក្កដា ឆ្នាំ២០២២។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី មុំ ចាន់ដានី ប្រធានគណៈកម្មាធិការសាខាបក្សមូលដ្ឋាន មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ, សមាជិកាលេខាធិការដ្ឋាន ក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រសហគ្រាសគ្រឹះស្ថានរាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី ក្នុងឱកាសនោះ បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះសមាជិកថ្មី ទាំង៥៥រូបនេះ ដែលបានសម្រេចចិត្ត ចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ។ លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជានាយករដ្ឋមន្ត្រី ដែលបានកើតចេញ ពីការតស៊ូដ៏អង់អាចក្លាហាន យកជីវិតធ្វើដើមទុន ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងបានឆ្លងកាត់សមរភូមិ ដ៏កាចសាហាវ ដែលគ្មានឥស្សរៈជន គណបក្សនយោបាយណាធ្វើបាននោះទេ។

លោកស្រីប្រធាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិ​ពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសន្តិភាព និងការអភិវឌ្ឍពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ជាក់ស្តែងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

តំណាងសមាជិកគណបក្ស ដែលទើបបញ្ចូលថ្មីទាំង៥៥រូប របស់គណបក្សប្រជាជនកម្ពុជា សាខាបក្សមូលដ្ឋានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​រាជធានីភ្នំពេញ បានធ្វើការប្តេជ្ញាចិត្តស្មោះស្ម័គ្រគាំទ្រ និងគាំទ្រគោលនយោបាយជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើន​របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។

ប្តេជ្ញាចិត្តគាំទ្រយ៉ាងមុតមាំ និងបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេន៕