(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន, រដ្ឋបាលខេត្តព្រះសីហនុ និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) រៀបចំសិក្ខាសាលាស្ដីពី «ការផ្តល់សុពលភាព លើផែនការសកម្មភាព បច្ចេកវិទ្យានៃគម្រោង វាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការសកម្មភាពដែលគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាមេត្រីភាពបរិស្ថានក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ សិក្ខាសាលានេះ សហការរៀបចំដោយក្រសួងបរិស្ថាន និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ក្នុងគោលបំណងពិនិត្យ និងផ្ដល់សុពលភាព និងផែនការសកម្មភាពបច្ចេកវិទ្យា នៃគម្រោង នៅខេត្តសៀមរាប។
គម្រោងនេះ នឹងបង្ហាញអំពីដំណោះស្រាយ និងបច្ចេកវិទ្យាមេត្រីភាពបរិស្ថានសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុលើវិស័យនានា។
នៅក្នុងខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ត្រូវបានជ្រើសរើសជាទីតាំងអនុវត្តគម្រោង ដោយប្រើបច្ចេកវិទ្យាចំនួន១១ សម្រាប់យកមកពិភាក្សា ពាក់ព័ន្ធនឹងប្រសិទ្ធភាព និងលទ្ធភាពប្រើប្រាស់ឲ្យមានភាពសមស្រប និងស៊ីសង្វាក់នៅក្នុងបរិបទបច្ចុប្បន្ន៕