(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើសាររំលែកទុក្ខជូន លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោកចំពោះមរណភាពឧបាសក កែវ ជួនណា ដែលត្រូវជាឪពុក កាលពីវេលាម៉ោង ១២:៣០ រសៀល នៅថៃ្ងព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់បែបនេះថា «តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នាយទាហាន នាយទាហានរង និងពលទាហាន កងយោធពលខេមរភូមិន្ទ និងខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានក្តីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសក កែវ ជួនណា ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានទទួលមរណភាពនៅវេលាម៉ោង១២៖៣០នាទី ថៃ្ងព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសមានទុក្ខដ៏ធំធេង និងសោកស្ដាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ឧបាសក កែវ ជូនណា ដែលជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា និងជីតាទួតជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភមួយរូប ដែលកន្លងមកតែងតែរួមចំណែកកសាងសមិទ្ធផលនានា សម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឧបាសក កែវ ជួនណា សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕