(ហាណូយ)៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Barack Obama នៅថ្ងៃអង្គារនេះ បានស្នើឲ្យមានការដោះស្រាយដោយសន្តិវិធី ចំពោះជម្លោះទឹកដី នៅតំបន់សមុទ្រចិនភាគខាងត្បូង ខណៈវៀតណាមមានការជំទាស់ ចំពោះសកម្មភាពរបស់ចិន នៅក្នុងជម្លោះដែនទឹកនេះ, នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ។
«ប្រទេសធំមិនគួរជ្រៀតជ្រៀក ប្រទេសដែលតូចជាងខ្លួននោះទេ, ជម្លោះគួរតែដោះស្រាយដោយសន្តិវិធី» នេះបើតាមការលើកឡើងរបសលោក Barak Obama និយាយទៅកាន់អ្នកស្តាប់ នៅទីក្រុង Hanoi ដោយសំដៅទៅលើជម្លោះដែនទឹកក្នុងតំបន់។ ការលើកឡើងរបស់លោក បានធ្វើឲ្យមានការទះដៃសាទរ ពីក្រុមប្រតិភូជាង ២,០០០នាក់ ក្នុងនោះរួមទាំងក្រុមមេដឹកនាំវៀតណាមផងដែរ។
រដ្ឋាភិបាលទីក្រុង Washington និង Hanoi បានរួមគ្នាយ៉ាងជិតស្និទ្ធ ដោយពួកគេមានការព្រួយបារម្ភចំពោះការកើនឡើងនៃការអះអាង របស់រដ្ឋាភិបាលទីក្រុង Beijing លើបញ្ហាដែនសមុទ្រ។ ចិនបានអះអាងស្ទើរតែទាំងអស់ នៃតំបន់សមុទ្រចិនភាគខាងត្បូង គឺជាដែនអធិបតេយ្យរបស់ខ្លួន ហើយបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសជិតខាង មួយចំនួន ជាមួយនឹងគម្រោងសាងសង់ជាច្រើន ក្នុងនោះរួមទាំងការសាងសង់ អាកាសយាន្តដ្ឋានផងដែរ។
វៀតណាម និងប្រទេស៤ផ្សេងទៀត ក៏បានអះអាងថា នៅដែនសមុទ្រចិនខាងត្បូង មានផ្នែកមួយចំនួនជាអធិបតេយ្យភាពរបស់ខ្លួនផងដែរ។ លោក Obama បន្តថា សហរដ្ឋអាម៉េរិក នឹងបន្តការបង្ហាត់បង្រៀន មន្ត្រីឆ្មាំសមុទ្រវៀតណាម ដើម្បីពង្រឹងសមត្ថភាពជើងទឹក៕