(ភ្នំពេញ)៖ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាសមាជិកថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ជាអនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងត្រីមាសក្នុងពុទ្ធសីមាចំនួន៣វត្ត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
លោកបានឲ្យដឹងថា វត្តទាំង៣ដែលក្រុមការងារបាននាំយកទៀនព្រះវស្សាប្រគេននោះ មានវត្តសិរីមង្គលគៀនឃ្លាំង (ហៅវត្តគៀនឃ្លាំង) វត្តពោធិយារាម (ហៅវត្តចាស់) និងវត្តប្រជុំសាគរ (ហៅវត្តថ្មី)។
ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន៣វត្តក្នុងថ្ងៃនេះ ដោយក្នុងមួយវត្តៗ រួមមាន ទៀនធំ១គូ អង្គរ១៥០គីឡូក្រាម ទឹកក្រូច២កេស ទឹកសុទ្ធ៤កេស មី៥កេស និងបច្ច័យបួនមួយចំនួន។
សូមជម្រាបថា តាមនិយាមជាពុទ្ធទំនៀមរៀងដរាបមក ការចូលព្រះវស្សាមាននៅគ្រប់សម័យកាលនៃព្រះពុទ្ធគ្រប់ព្រះអង្គទាំងអស់។ ដូច្នេះទំនៀមចូលព្រះវស្សានេះមានជាប់រហូតមកដល់បច្ចុប្បន្ន។ ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ។ កាលណាព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់៣ខែ ហើយមានសិទ្ធទទួលកឋិនអំពីពុទ្ធបរិស័ទដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ហេតុនេះការចូលព្រះស្សានៃភិក្ខុសង្ឃ ក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឱ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោគជាំ ។ ការហាមប្រាមនេះ ព្រោះថាសម័យបុរាណ ព្រះសង្ឃពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅ គង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌។
ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះបានកើតឡើង ចេញពីការរួមសាមគ្គីពីសំណាក់ប្រជាពលរដ្ឋ ឧកញ៉ា លោក លោកស្រីទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕