(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា ភរិយា ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
ខ្លឹមសារលិខិតផ្ញើជូន ឯកឧត្តម សូ ម៉ារ៉ា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ក្នុងនាមខ្ញុំផ្ទាល់ មានក្តីរន្ធត់ក្ដុកក្ដួលយ៉ាងពន់ពេកខណៈពេលបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ អ៊ូ វាសនា ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនាថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០០:៣៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
បរណភាពរបស់ លោកជំទាវ ឌូ វាសនា គឺជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក និងជីដូនប្រកបដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់ លោកជំទាវ អ៊ូ វាសនា បានលះបង់ អស់កម្លាំងកាយ ចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន ចៅៗឱ្យក្លាយទៅជាពលរដ្ឋល្អ នៅក្នុងសង្គមជាតិ និងបានខិតខំកសាងនូវកុសលនានា។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយ ឯកឧត្តម ព្រមទាំង ក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អ៊ូ វាសនា បានទៅសោយសុខក្នុងឋាន សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕