(ម៉ារ៉ុក)៖ ក្នុងសម័យប្រជុំពេញអង្គលើកទី១០ សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានលើកយកប្រធានបទស្ដីពីការធានានូវសន្តិសុខស្បៀងជាបុរេលក្ខខណ្ឌសម្រាប់សន្តិភាព និងភាពអត់ឱនរបស់សកលលោក យកមកពិភាក្សាជាមួយសមាជិក៦៥ប្រទេស (ក្នុងចំណោម៩០ប្រទេស) ក្នុងនោះក៏មានកម្ពុជាផងដែរ។

សម័យប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក។

គណៈប្រតិភូរដ្ឋសភាកម្ពុជាដែលចូលរួមក្នុងសម័យប្រជុំនេះ ត្រូវបានដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនៃសម័យប្រជុំនេះ ក្រុមប្រឹក្សាប្រតិបត្តិក៏បានសម្រេចជាឯកច្ឆ័ន្ទតែងតាំងលោក សួស យ៉ារ៉ា ជាអនុប្រធាន IPTP សម្រាប់ឆ្នាំ២០២២ និងបានស្នើបេក្ខភាពជាប្រធាន IPTP សម្រាប់ឆ្នាំ២០២៣ នាឱកាសអង្គមហាសន្និបាតនាពេលខាងមុខ។

ប្រធានគណៈប្រតិភូបានថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំ ដោយបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនរួមមាន៖ តួនាទីសមាជិកសភាក្នុងការជួយធានាថាច្រករបៀងមនុស្សធម៌សម្រាប់ស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀត ត្រូវតែបើកទូលាយដល់ពលរដ្ឋសាមញ្ញគ្រប់ពេលវេលា ការធានានូវខ្សែចង្វាក់ផលិតកម្មនិងបណ្តាញចែកចាយសៀង និងផលិតផលគន្លឹះដូចគ្រាប់ពូជ ជីកសិកម្ម និងប្រេងឥន្ធនៈផ្សេងៗ ត្រូវតែមានការលើកលែងចេញពីការដាក់ទណ្ឌកម្មនានា។

អង្គប្រជុំគាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្តួចផ្តើមឱ្យមានការបង្កើតនូវវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រចំណីអាហារតាមសំណើរបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងដាក់ចេញអនុសាសន៍រឹងមាំសម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង តាមការរយៈការជំរុញឱ្យមានការចូលរួមដោយរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលអាចផ្ដល់ជាដំណោះស្រាយគន្លឹះចំពោះបញ្ហាប្រឈមផ្នែកសន្តិភាព និងសន្តិសុខស្បៀង។

ជាមួយគ្នានេះ ប្រធានរដ្ឋសភាម៉ារ៉ុកក៏បានបញ្ជាក់ពីការទទួលយកការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាម៉ារ៉ុកទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕