(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបក្ខពួក រស់នៅទីតាំងខុសគ្នា ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន។
ជនសង្ស័យទី០១ ចាប់បាននៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុក ថ្មគោល ខេត្តបាត់ដំបង ហើយជនសង្ស័យមានឈ្មោះ អោម ឬទ្ធី ហៅ ខាន ដោយដកហូតវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ទម្ងន់០.៥៣ក្រាម ម៉ូតូចំនួន០១គ្រឿង និងទូរសព្ទ័ដៃចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការសាកសួររួចកម្លាំងកងអាវុធហត្ថខេត្តបាត់ដំបង ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបាត់ដំបង ធ្វើការឆែកឆេរលំនៅដ្ឋាន ០២ ជាកន្លែងបក្ខពួករបស់ជនសង្ស័យទៀតផង។
លំនៅដ្ឋានទី១ ស្ថិតក្នុងភូមិ រតនះ សង្កាត់ រតនះ ក្រុង បាត់ដំបង ខេត្តបាត់ដំបង រកឃើញឈ្មោះ រ៉េត សុភារ៉ា កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ ហើយដកហូត បំពង់ទែម៉ូម៉ែត្រ ចំនួន ០១ ដែលមានកំទេចគ្រឿងញៀនក្នុងបំពង់ ដែកកេសសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១ និងទុយោប្រើប្រាស់គ្រឿងញៀនចំនួន០២។
លំនៅដ្ឋានទី២ ស្ថិតក្នុងភូមិ ស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង យើងបានធ្វើការឃាត់ខ្លួនឈ្មោះ ជុំ ខេមរិន្ទ កំពុងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះ ហើយដកហូតវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ដែលមានទម្ងន់៧.៧៩ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងដាវសាំម៉ារ៉ៃ០១ដើម។
ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕