(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលពន្យល់បន្ថែមពីសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងបរិបទនៃវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងបន្តគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា នៅបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ បើទោះជាជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបានក៏ដោយ ហើយជាចុងក្រោយនេះ បានបន្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) សំដៅបង្កើនភាពសុំាបុគ្គល ក៏ដូចជាភាពសុំាសង្គម-សេដ្ឋកិច្ច។

ជាការពិតបន្ទាប់ពីប្រទេសកម្ពុជា បានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការបន្ធូរបន្ថយវិធានការសុខាភិបាល និងលក្ខខណ្ឌតម្រូវនានាចំពោះអ្នកដំណើរមកកាន់កម្ពុជា ដែលបានចាក់វ៉ាក់សាំងរួច, វិស័យមួយចំនួនដែលធ្លាប់បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បានចាប់ផ្ដើមមានសកម្មភាពអាជីវកម្ម និងបានកើនឡើងវិញគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង និងផលិតផលវាយនភណ្ឌរបស់កម្ពុជា បានកើនឡើងប្រហែល២៥,២% គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២២នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងក៏ដោយ បញ្ហាមួយចំនួនដូចជា ការបន្តគំរាមកំហែងដោយជំងឺកូវីដ-១៩ និងការកើនឡើង នៃអត្រាអតិផរណាជាសកល នៅតែជាសម្ពាធដល់ការកើនឡើងវិញ នៃភ្ញៀវទេសចរដែលនាំឲ្យប្រតិបត្តិករជាច្រើន នៅក្នុងវិស័យទេសចរណ៍នៅបន្តជួបប្រទះនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្មរបស់ខ្លួន។

ក្នុងស្មារតីនេះ, ទន្ទឹមនឹងការដាក់ចេញនូវវិធានការ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងទិសដៅបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាលយល់ឃើញពីភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រង និងវាយតម្លៃផលប៉ះពាល់ ព្រមទាំងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានសហការជាមួយវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖

*ទី១៖ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។

*ទី២៖ បន្តផ្ដល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ ២០២២ សម្រាប់វិស័យទេសចរណ៍។

*ទី៣៖ ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាល នឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យមឲ្យត្រឡប់ទៅកំណើនសក្ដានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕