(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី រស់ ព្រីប៊ុន ភរិយាលោក អ៉ឹង គៀត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតដោយទទួលដំណឹង អំពីមរណភាពរបស់ ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាពថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ»។
ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរព ស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានតស៊ូ លះបង់ កម្លាំងកាយចិត្ត ធនធាន បញ្ញាស្មារតី ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ នាពេលកន្លងមក។
ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា សូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹង គៀត បានទៅសោយសុខក្នុងឋាន សុគតិភព ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕