(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានរួមគ្នាប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃ ចំនួន១២វត្ត ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ស្ថិតនៅក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា តាមនិយាមជាពុទ្ធទំនៀមរៀងដរាបមក ការចូលព្រះវស្សាមាននៅគ្រប់សម័យកាលនៃព្រះពុទ្ធអង្គទាំងអស់។ ដូច្នេះ ទំនៀមចូលព្រះវស្សានេះ មានជាប់រហូតមកដល់បច្ចុប្បន្ន។ ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ។ កាលណាព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់ ៣ខែ ហើយមានសិទ្ធិទទួលកឋិនអំពីពុទ្ធបរិស័ទដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ហេតុនេះ ការចូលព្រះស្សានៃភិក្នុងសង្ឃ ក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឱ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោកជាំ។ ការហាមប្រាមនេះ ព្រោះថាសម័យបុរាណ ព្រះសង្ឃពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅគង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌។

ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះបានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់លោក លោកស្រីទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឱ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទ ជាទាយក ទាយិកា ឧបាសក ឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំង ប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាមលទ្ធភាព។

ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធជាម្ចាស់បានត្រាស់ដាក់ឱ្យភិក្ខុសង្ឃទាំងឡាយចូលវស្សារយៈពេល ៣ខែ ដើម្បីសិក្សារៀនសូត្រព្រះធម៌ ហើយពុទ្ធបរិស័ទជាអ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា ៣ខែនេះ។

នៅរដូវចូលវស្សា គឺជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងថេរវេលានេះព្រះសង្ឃមិនត្រូវនិមន្តទៅណាឆ្ងាយនោះទេ។ អ្វីដែលសំខាន់មួយទៀតដែលព្រះពុទ្ធដាក់វិន័យសម្រាប់ព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សានេះ គឺហាមដាច់ខាតមិនឱ្យនិមន្តចេញឆ្ងាយពីវត្តហួសពី៧ថ្ងៃនោះឡើយ។

នៅសម័យពុទ្ធកាល នៅក្នុងរដូវចូលវស្សា ព្រះភិក្ខុ សាមណេរទាំងឡាយត្រូវតែនិមន្តគង់នៅក្នុងវត្តដោយពុំចាំបាច់និមន្តបិណ្ឌបាតនោះទេ។ ក៏ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ន ដោយសារការផ្គត់ផ្គង់មិនបានពេញបរិបូរណ៍ដូច្នេះព្រះសង្ឃអាចនិមន្តបិណ្ឌបាត និមន្តទៅសិក្សារៀនសូត្រ និមន្តទៅចូលរួមសកម្មភាពសង្គមអ្វីផ្សេងទៀត ដោយពុំមានអាបត្តិអ្វីដូចដែលធ្លាប់និយាយតៗគ្នានោះទេ វៀរលែងតែត្រាច់ទៅខុសកាល និងចូលអារាមវិញខុសកាល (មុនអារុណរះ)។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង១២វត្ត រួមមាននោះក្នុង១វត្ត ទទួលបានទៀនវស្សា ១គូរ, ទឹកផ្លែឈើ ៣កេស, កូកាកូកាឡា ១កេស, ទឹកសុទ្ធ ១កេស, មី ១កេស, ទឹកត្រី ១យួរ, នំ, និងថវិកា ២០០ដុល្លារ ផងដែរ៕