(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រាប់ដល់តំណាងនិយោជក ដែលជាតួអង្គសំខាន់តំណាងឲ្យរោងចក្រ សហគ្រាស ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារថា នៅក្នុងយុទ្ធនាការ៩០ថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើនភាពជាដៃគូជាមួយសហជីពមូលដ្ឋាន ក្នុងន័យផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនឲ្យបានទូលំទូលាយពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលទទួលបាននៅពេលដល់អាយុចូលនិវត្តន៍។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការងារ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៤នៃយុទ្ធនាការ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រៀបចំធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា នៅក្នុងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ជាកាតព្វកិច្ចនេះ នៅពេលដែលអ្នកធ្វើការដល់អាយុចូលនិវត្តន៍ ក៏មានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពផងដែរ ដូច្នេះបន្ទាប់ពីពួកគេចូលនិវត្តន៍ គឺមិនបារម្ភនៅពេលមានជំងឺត្រូវចំណាយទៅលើការព្យាបាលឡើយ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បច្ចុប្បន្នជំងឺកូវីដ-១៩កំពុងលេចវត្តមានជាថ្មីនៅកម្ពុជា បន្ទាប់ពីបានទប់ស្កាត់ប្រកបដោយជោគជ័យ និងបាត់វត្តមានអស់រយៈពេលជាង៣ខែកន្លងមក ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្ដីក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងនិយោជកត្រូវចូលរួមការពារខ្លួនតាមវិធានសុខាភិបាលឲ្យបានម៉ត់ចត់ ជាពិសេសត្រូវទៅទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំ ដើម្បីឲ្យអត្រាអ្នកចាក់ដូសជំរុញ មានភាពស៊ាំនៅក្នុងសហគមន៍កាន់តែច្រើន ហើយជាពិសេសទៀតត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំនូវប្រសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

តាមរយៈពិធីផ្សព្វផ្សាយនេះដែរ លោករដ្ឋមន្រ្តីក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូចទៅកាន់តំណាងនិយោជកដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចម្ងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឱ្យបានទូលំទូលាយប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច៕