(សៀមរាប)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញដល់គ្រប់មន្ទីរ អង្គភាព វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបានផុលផុស និងគ្រប់គោលដៅប្រឈម។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌ ក្រោមអធិបតីនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ពិន ប្រាកដ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប។

ក្នុងពិធីនេះមានការចូលរួមពីលោកអភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិកាត្រួតពិនិត្យគ្រឿងញៀនសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ និងប្រតិភូលោកប្រធានសាលាដំបូង ប្រធានអយ្យការអមសាលាដំបូងខេត្តសៀមរាប ព្រះវិហារ តំណាងពីមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវជនកាយរិទ្ធ កាកបាទក្រហម និងប្រជាពលរដ្ឋចំនួន៣០០នាក់។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ អ៊ុ អមរា ស្នងការរងនគរបាលខេត្ត បានបង្ហាញថា បញ្ហាគ្រឿងញៀនបានពង្វក់ស្មារតី អូសទាញជនស្លូតត្រង់ ពិសេសយុវវ័យឲ្យហ៊ានប្រព្រឹត្តឲ្យហ៊ានសាកល្បងប្រើប្រាស់ ប្រព្រឹត្តអំពើនៃការចាត់ចែង ការរក្សាទុក ការដឹកជញ្ជូន និងការជួញដូរ ឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ អំពើហិង្សាក្នុងគ្រួសារ ក្រុមបងធំបងតូច បង្កអសន្តិសុខជាច្រើនដល់សង្គមជាតិទាំងមូល។

ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអានដោយលោក ពិន ប្រាកដ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងការផលិត ការចរាចរ និងការប្រើបំពានគ្រឿងញៀនខុសច្បាប់ និងបានអំពាវនាវដល់យុវជន ព្រមទាំងចៅៗជាជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាល សូមបន្តចូលរួមនិងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាច កើតមាននៅក្នុងសហគមន៍ មាតាបិតា និងអាណាព្យាបាលបន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គម។

ថ្លែងក្នុងនាមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា គ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញបង្កឱ្យមានបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ក្នុងនោះប្រជាពលរដ្ឋ និងយុវជន-យុវនារីមួយចំនួនបានធ្លាក់ខ្លួនទៅជាអ្នកញៀន និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មរហូតឈានទៅដល់ការប្រើអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បាត់បង់កិត្តិយស គ្មានសុភមង្គល និងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ហើយជនល្មើសត្រូវតែផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែង។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបន្ថែមទៀតថា គ្រប់មន្ទីរ អង្គភាព វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបានផុលផុស និងគ្រប់គោលដៅប្រឈម បណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម និងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារទិសស្លោក បីកុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន។

ក្នុងពិធីនោះ មានដុតបំផ្លាញគ្រឿងញៀនដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងសហការរួមគ្នារបស់កម្លាំងសមត្ថកិច្ច និងស្ថាប័នអនុវត្តច្បាប់ ព្រមទាំងអង្គភាពពាក់ព័ន្ធសហការគ្នាពុះពារយ៉ាងសកម្ម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទនៅតាមមូលដ្ឋានខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ មានទម្ងន់ជិត១១គីឡូក្រាម ក្នុងនោះមេតំហ្វេតាមីនម៉ាទឹកកក (ICE) ចំនួន១០៨៣៧.៤៨ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន១៤៦.១១ក្រាម៕