(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំងជាប្រធានសមាគមអតីតយុទ្ធ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ជាប្រធានសាមាគមអតីតយុទ្ធជនកម្ពុជា។
នាឱកាសនោះលោក ហ៊ុន ម៉ាណែត បានថ្លែងថា នៅទស្សវត្តន៍៦០ បរទេសបានបង្កសង្គ្រាមរហូតដល់កម្ពុជាយើង រហូតមានការកាប់សម្លាប់ បាញ់ប្រហារពលរដ្ឋខ្មែរដូចគ្នា ជាហេតុនាំឲ្យប្រជាពលរដ្ឋខ្មែរ កងកម្លាំងប្រដាប់អាវុធត្រូវធ្លាក់ខ្លួនពិការ ជាច្រើននាក់។
លោកបានថ្លែងទៀតថា រាជរដ្ឋាភិបាលមិនបោះបង់អតីតយុទ្ធជនឡើយ ទាំងអស់នេះគឺការយកចិត្តទុកដាក់ និងមិនអាចបំភ្លេចឡើយ ពីព្រោះសម្តេចមិនបានបំភ្លេចខ្លួនជនអតីតយុទ្ធនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តខិតខំប្រឹងប្រែងការអភិវឌ្ឍនគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលទោះបីជាមានថវិកា កំណត់ តែរាជរដ្ឋាភិបាលមានទឹកចិត្ត ផ្គត់ផ្គង់ដោយអតីតយុទ្ធជនជានិច្ចជានិរន្ត។
លោកបានផ្តាំផ្ញើ និងជំរុញ តាមមន្ទីរសង្គមកិច្ចត្រូវខិតខំប្រឹងប្រែងបំរើការ និងយកចិត្តទុកដាក់ដល់អតីតយុទ្ធជន មិនឲ្យពួកគាត់ពិបាកនោះឡើយ ព្រោះគាត់ជាស្ពានសំរាប់ចម្លងអ្នកជំនាន់ក្រោយ។
កងកម្លាំងប្រដាប់ប្រភេទ ចូលរួមជាមួយមន្ទីរសង្គមកិច្ច ដើម្បីដំកើនការងាររួមគ្នាឲ្យសមាគមអតីតយុទ្ធជន ហើយយើងត្រូវកៀគរពីសប្បុរសជនគ្រប់ៗមជ្ឈដ្ឋាន។
លោកបានបន្ថែមថា សមាគមអតីតយុទ្ធជនត្រូវ បង្កើយយុទ្ធនាការ គឺជួយដល់យោធិន ប្រដាប់អាវុធគ្រប់ភេទទាំងអស់បន្ថែម ដើម្បីឲ្យមហាជនទទួលស្គាល់ និងការចូលរួមពីមហាជន។
នាឱកាសនោះ លោកហ៊ុន ម៉ាណែន បានចូលរួមថវិកាចំនួន១០លានរៀល ដល់សមាគមអតីតយុទ្ធ និងលោក សួន បវរ ប្រធានសមាគមអតីតយុទ្ធ ខេត្តបន្ទាយមានជ័យ ជួយចំនួន២៨លានរៀល ដល់បេឡាមរណសង្គ្រោះផងដែរ៕