(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អុឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១១៖៥០នាទី ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានប្រគល់ជូនលោកស្រី រស់ ព្រីប៊ុន ព្រមទាំងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់ លោក អុឹង គៀត មិនត្រឹមជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិ មិត្តជិតឆ្ងាយទាំងអស់ប៉ុណ្ណោះទេ តែជាការបាត់បង់ឥស្សរជនជាន់ខ្ពស់នៃប្រទេសជាតិ ដែលបានតស៊ូ លះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញាស្មារតីចូលរួមបម្រើជាច្រើនជំនាន់យ៉ាងសកម្មបំផុត ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា បានសំដែងនូវការគោរព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អុឹង គៀត សូម អញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕