(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះជំហរប្រកាន់គោលនយោបាយចម្រុះពណ៌របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមិនផ្ដេកផ្ដួលទៅលើមហាអំណាចណាមួយ ហើយក៏មិនទាត់ចោលមហាអំណាចណាមួយឡើយ។
ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើង នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជាសព្វថ្ងៃ គោលនយោបាយដើរនៅលើផ្លូវមួយគេហៅថាផ្កាចម្រុះពណ៌ មិនចាប់នរណាមួយជាធំទេ»។
បើតាមការគូសបញ្ជាក់របស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រវត្តិសាស្ត្រ បានបង្រៀនកម្ពុជាយ៉ាងច្បាស់អំពីផលវិបាក ដែលអ្នកនយោបាយកម្ពុជា បានប្រកាន់គោលនយោបាយគាំទ្រមហាអំណាចមួយ ហើយប្រឈមមុខនឹងមហាអំណាចផ្សេងទៀត ដោយបាននាំប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិអស់រយៈពេលរាប់សិបឆ្នាំរួចមកហើយ។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា៖ «បទពិសោធប្រវត្តិសាស្ត្រ ដែលយើងផ្កាប់មុខទៅលើនរណាមួយហើយ វាជាគ្រោះថ្នាក់នៅក្នុងសង្គមកម្ពុជា។ ឧទាហរណ៍ នៅទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលព្រះបាទនរោត្ដម សីហនុ ងាកទៅរកពួកខាងចិន ខាងអាម៉េរិកាំងធ្វើរដ្ឋប្រហារភ្លាម។ ឆ្នាំ១៩៧០ ដោះដូរ កម្ពុជាផ្កាប់មុខទៅរកអាម៉េរិក [...]»។ វាគឺជាការពិតមួយដែលគេមិនអាចប្រកែកបាន ក្នុងរយៈពេលជាង៣ទសវត្សរ៍ដែលចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ កម្ពុជាបានក្លាយទៅជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធរបស់មហាអំណាច ហើយប្រជាជន និងកងទ័ពកម្ពុជា បានស្លាប់បាត់បង់ជីវិត ទទួលរងពិការភាព ព្រាត់ប្រាស និងបាត់បង់គ្រួសារសាច់ញាតិ ដោយសារតែការប្រកាន់នយោបាយផ្កាប់មុខទៅមហាអំណាចម្ខាងៗ នៅចំពោះមុខការប្រឈមមុខដាក់គ្នារបស់មហាអំណាច»។
ដោយឡែក នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការបរទេសផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។ បើតាមការបញ្ជាក់របស់ លោកបណ្ឌិត សុខ ទូច វាជាការលំបាកក្នុងការរក្សាអព្យាក្រឹត្យរបស់ប្រទេសមួយ នៅចំពោះមុខការប្រឈមគ្នារវាងមហាអំណាច ប៉ុន្តែវាគឺជាភាពចាំបាច់ដែលត្រូវប្រកាន់យក ដើម្បីបញ្ចៀសប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិមួយ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «តែបើកម្ពុជាដើរនៅក្នុងផ្លូវចម្រុះពណ៌ វាគឺជារឿងល្អនៅក្នុងបរិបទថ្មី។ យើងដឹងថាវាលំបាកបន្តិច ព្រោះគេត្រូវការអ្នកស្មោះ ប៉ុន្តែមហាអំណាចដែលស្មោះនឹងយើងដែរ ឬទេ?»។
លោកបណ្ឌិត សុខ ទូច បានលើកជាឧទាហរណ៍ថា កាលពីបារាំងដាក់អាណានិគម មុននឹងចេញទៅវិញបារាំងបានកាត់ដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ទៅឱ្យវៀតណាម ហើយនៅពេលដែលកម្ពុជាស្មោះជាមួយនឹងចិននៅឆ្នាំ១៩៧៥ កម្ពុជាមិនទទួលបានអ្វីក្រៅតែពីមនោគមវិជ្ជានោះទេ។ នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។
ទោះជាយ៉ាងណាលោកបណ្ឌិត សុខ ទូច បានអះអាងថា សម្រាប់កម្ពុជាក្នុងបរិបទបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានប្រើប្រាស់នយោបាយចម្រុះពណ៌នៅក្នុងទំនាក់ទំនងជាបណ្ដាប្រទេសមហាអំណាចពិភពលោក ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍប្រទេស និងទីផ្សារសម្រាប់នាំចេញផលិតផលនានារបស់ខ្លួន។
ចំពោះការប្រឈមគ្នារវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក ត្រូវបានលោកបណ្ឌិត សុខ ទូច ចាត់ទុកថា វាជាឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការដើរនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន ដែលប្រកាន់ យកនយោបាយផ្កាចម្រុះពណ៌ ដោយមិនផ្កាប់មុខទៅចិន ហើយទាត់ចោលនូវទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានានោះ ជាលទ្ធផល កម្ពុជាបានទទួលនូវការស្វាគមន៍ពីបណ្ដាបស្ចិមប្រទេសជាច្រើន និងការបន្តកិច្ចសហប្រតិបត្តិនានា ដែលក្នុងនោះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងជាច្រើនពីបណ្ដាប្រទេសជាមិត្តកម្ពុជា ពិសេសបស្ចិមប្រទេសដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុនជាដើម។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច ក៏បានរំឭកលើកឡើងអំពីព្រឹត្តិការណ៍មួយ ដែលបញ្ជាក់អំពីសន្ដានចិត្តរបស់កម្ពុជា ដែលបើកចំហរបេះដូងទៅកាន់បណ្ដាប្រជាជាតិជាមិត្តទាំងអស់នៅលើពិភពលោក ពិសេសសហរដ្ឋអាមេរិក គឺការប្រកាសយល់ព្រមទទួលយកនូវអ្នកដំណើរ ដែលធ្វើដំណើរតាមនាវាវេស្ទើដាម ដែលត្រូវបានបដិសេធមិនឱ្យចូលចតដោយបណ្ដាប្រទេស និងដែនដីជាច្រើន។
ត្រង់ចំណុចនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើកម្ពុជាផ្កាប់មុខតែទៅកាន់ចិន នោះមេដឹកនាំកម្ពុជាក៏នឹងមិនអាចបើកចិត្តទូលាយទទួលយកនូវអ្នកដំណើរក្នុងនាវានោះបានឡើយ ព្រោះពិភពលោកទាំងមូលកំពុងព្រួយបារម្ភនឹងវិបត្តិរាតត្បាតជំងឺកូវីដ១៩»៕