(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានថ្លែងថា កម្ពុជាប្រកាសគាំទ្រចិនសាជាថ្មី លើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។
លោក ហោ ណាំហុង បញ្ជាក់បែបនេះ ក្នុងពេលលោកនិងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហប្រធានខាងភាគីចិន អញ្ជើញបើកកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំនេះរៀបចំឡើង នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តផែនការសម្រាប់រយៈពេល ២ឆ្នាំ បន្តទៀត (ឆ្នាំ២០២២-២០២៤)។
ក្នុងកិច្ចប្រជុំនោះ លោក ហោ ណាំហុង បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណលេខាធិការទំាងពីរ ដែលបានដឹកនាំសម្របសម្រួលការងារ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ពិសេសការអនុវត្តផែនការសកម្មភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន ដែលបានឯកភាព និងសម្រេច ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៉ី ជិនពីង ទោះបីជាកំពុងស្ថិតក្នុងកាលៈទេសៈនៃការប្រឈមនឹងវិបត្តិជំងឺ កូវីដ-១៩ ក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយចិនតែមួយ។
«កម្ពុជាសូមប្រកាសគាំទ្រ និងជូនពរភាគីចិនរៀបចំសមាជជាតិចិនលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ប្រកបដោយជោគជ័យ និងសូមប្រកាសគាំទ្រប្រទេសចិន សាជាថ្មីម្តងទៀត លើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល»។ នេះបើតាមការបញ្ជាក់ របស់លោក ហោ ណាំហុង។
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ត្រូវបានស្នើឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ នាទីក្រុងប៉េកាំង ក្នុងពេលកន្លងមក។ លោក Xi បានដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ដើម្បីប្រកាន់ខ្ជាប់នូវអាទិភាពនៃការអភិវឌ្ឍ ប្រកាន់ខ្ជាប់នូវប្រជាជនជាកណ្តាល ប្រកាន់ខ្ចាប់នូវបរិយាប័ន្ន និងបរិយាប័ន្ន ប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មី ព្រមទាំងប្រកាន់ខ្ជាប់នូវភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេសបណា្តប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត។ ការប្រកាសរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់សម្តេចក្នុងវេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៉ីវិល មកពីបណ្តាប្រទេស (BRICS) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ៕