(ភ្នំពេញ)៖ បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវក្តីឈឺចាប់របស់ខ្លួន នៅពេលបានឃើញការនាំចូលត្រី ជាច្រើនរថយន្តចូលមកកម្ពុជា ខណៈដែលកម្ពុជាមានលទ្ធភាព និងធនធានដើម្បីចិញ្ចឹមត្រីហូបខ្លួនឯង ដោយមិនចាំបាច់នាំចូលនោះទេ។
ការបង្ហាញអារម្មណ៍ឈឺចាប់នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាមេរិក» នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
លោកបណ្ឌិត សុខ ទូច បានលើកឡើងថា «កន្លែងខ្លះ ខ្ញុំស្រក់ទឹកភ្នែកពេលដែលខ្ញុំធ្វើដំណើរលើផ្លូវហាណូយ ល្ងាចឡើងគេដឹកត្រីចូលមកស្រុកខ្មែរ ៥ ឬ៦ឡាន ឱ្យយើងហូប ខ្មែរមានបឹង មានទន្លេ ហេតុអីក៏ហូបរបស់គេ ដល់ពេលខ្មែរផលិតខ្លួនឯងហើយ វាជាឱកាសរបស់ខ្មែរ យើងមិនថា មិនទិញរបស់គេទេ ប៉ុន្តែយើងទិញទំនិញណាដែលយើងធ្វើមិនកើត ហើយរបស់ណាយើងធ្វើកើតគួរតែធ្វើ វៀតណាមដឹកពូជត្រីពីខ្មែរទៅ ហេតុអីគេដឹកត្រី មកឱ្យខ្មែរហូបវិញ ពេលណាដែលខ្មែរអាចធ្វើកិច្ចការហ្នឹង អាហ្នឹងដែលជាការឈឺចាប់របស់ខ្ញុំ ខ្ញុំដឹងថាប៉ះពាល់អ្នករកស៉ីធ្វើបាបខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែហ៊ាននិយាយ ដើម្បីផលប្រយោជន៍យុវជន ហើយយុវជនត្រូវដឹងខ្លួន»។
បណ្ឌិត សុខ ទូច បានលើកឡើងថា អ្នកដែលហូបផលិតផលរបស់ខ្មែរ នៅវៀតណាម ទាល់តែអ្នកមានបានហូបបាន ព្រោះផលិតផលខ្មែរ ជាផលិតផលដ៏ល្អ អង្គុយនៅព្រំដែន វៀតណាមដឹកបន្លែ ពីស្រុកគាត់ចូលខ្មែរ ហើយដឹកពីខ្មែរវិញ ដូចជាម្រេះព្ន្រៅ ដឹកផ្លែត្នោត ខ្នុរជាដើម ហើយអ្នកដែលបានហូបទាល់តែអ្នកមានសម្បើមណាស់។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្ថែមថា កម្ពុជាគួរតែធ្វើជាម្ចាស់ការលើខ្លួនឯង និងដល់ពេលដែលយុវជនខ្មែរ ត្រូវរៀនពីគេ ហើយមិនត្រូវមកផ្ចាញ់ផ្ចាលគ្នាឯងនោះទេ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ បើទោះបីគ្មាននរណាជួយក៏យើងអាចរស់បានដែរ។ កម្ពុជា មានដីដែលមានជីវជាតិ មានទន្លេគង្គ មានបឹងទន្លេសាប ដែលជាសំបុករបស់ត្រី គ្រាន់តែលក់ផលិតផល ដែលមាននៅបឹងទន្លេសាបកម្ពុជា អាចក្លាយជាអ្នកមាន។
លោកបណ្ឌិត សុខ ទូច បានថ្លែងបន្ថែមថា៖ «ដើរតាមដងទន្លេមេគង្គឡានឆាង ដល់វៀតណាម ហើយគ្រាន់តែហៅគេមកមើលត្រី ដែលមិនទាន់កែច្នៃ ហើយមកមើលពូជត្រីនៅបឹងទន្លេសាប ក៏យើងអាចក្លាយជាអ្នកមានបាន រឿងដី ៦៤ម៉ឺនហិកតា ត្រូវតែទុកដើម្បីផលប្រយោជន៍មនុស្សជំនាន់ក្រោយ វាមិនខ្វះទេកន្លែងរស់ ហេតុអីក៏យើងមិនត្រូវរៀបចំទាំងអស់គ្នា ធ្វើបាបតែថ្នាក់ដឹកនាំ ធ្វើបាបតែនាយករដ្ឋមន្ត្រី ដូច្នេះប្រជាពលរដ្ឋត្រូវតែក្លាយជាភ្នែកទិព្វទាំងអស់គ្នា ដើម្បីស្រែកដាក់អ្នកដែលធ្វើខុស និងគួរកុំខ្លាចពួកខិលខូចឱ្យសោះ»។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា កម្ពុជាមិនខ្វះវត្ថុធាតុដើម សម្រាប់ផលិតផលិតផលសម្រាប់នាំចេញ ទៅកាន់ទីផ្សារបរទេសនោះទេ ក៏ប៉ុន្តែ ត្រូវតែប្រែខ្លួនជាប្រទេសអ្នកផលិតផល ស្របតាមបែបឧស្សាហកម្មទំនើប សម្រាប់នាំចេញ ដើម្បីឱ្យបរទេសបានស្គាល់កម្ពុជា កាន់តែច្បាស់។
លោកបណ្ឌិត សុខ ទូច បន្តថា «បើយើងក្លាយជាប្រទេសផលិត វាជាឱកាសដែលឱ្យបណ្តាប្រទេស ដែលមានឧស្សាហកម្មធន់ធ្ងរ អាចយកផលិតផលរបស់ខ្លួនមកែច្នៃនៅកម្ពុជា យើងប្រាប់គេថា ឈប់លក់វត្ថុធាតុដើមទៀតហើយ ព្រោះកម្ពុជាជាតំបន់វាលទំនាប…! អីចឹងជាឱកាសបង្ហាញឱ្យប្រទេសដែលខ្វះស្បៀង អាចមកកម្ពុជាបាន ហើយកម្ពុជា ជាអ្នកផលិត ដើម្បីឆ្លើយតបទៅនឹងផលិតផលរបស់គេ កុំធ្វើតាមអារម្មណ៍ ដើម្បឆ្លើយតបនឹងឧស្សាហកម្មទំនើប បើមិនអីចឹងទេយើងនឹងបន្តលក់វត្ថុធាតុដើម ទៅប្រទេសជិតខាង ហើយយើងមិនអាចក្លាយខ្លួន ជាប្រទេសអ្នកផលិតទេ ហើយគេមិនស្គាល់កម្ពុជាយើងទេ»។
ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច បានបន្តថា នៅកម្ពុជា មានវត្ថុធាត់ដើមច្រើនណាស់ សម្រាប់ផលិតជាផលិតផល សម្រេចនាំចេញទៅកាន់ទីផ្សារបរទេស ទាំងនេះជាឱកាសសម្រាប់កម្ពុជា ដូច្នេះបើកម្ពុជា នៅតែបន្តដឹកនាំផលិតផលកសិកម្ម បន្តកន្ទុយគ្នានាំចេញទៅក្រៅប្រទេសទៀត នឹងធ្វើកម្ពុជាខាតបង់ច្រើនណាស។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ការមិនយកចិត្តទុកដាក់ផលិតពូជធញ្ញជាតិ ថ្នាំសម្រាប់បម្រើដល់វិស័យកសិកម្ម និងបច្ចេកទេសនោះទេ វានឹងបង្កើនទម្ងន់បន្ថែម ដល់កសិករ បន្ទាប់ពីធ្វើកសិកម្មបាន ប៉ុន្តែតម្លៃធ្លាក់ចុះមិនអាចឆ្លើយតបនឹងថ្លៃចំណាយនោះ នឹងបង្កបញ្ហាជាច្រើនដល់រាជរដ្ឋាភិបាល ដោយកសិករ ចោទប្រកាន់ថាមិនរកទីផ្សារជូនពួកគាត់ជាដើម៕