(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរ រដ្ឋាភិបាលកម្ពុជា-ចិន បានស្នើរដ្ឋាភិបាលចិន ពិនិត្យលទ្ធភាពដំណោះស្រាយ ដើម្បីឱ្យនិស្សិតនៃប្រទេសទាំងពីរ បានចេញទៅសិក្សានៅតាមគ្រឹះស្ថានសិក្សានានា ក្នុងប្រទេសកម្ពុជា និងចិន ឱ្យបានឆាប់។
ការស្នើរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានធ្វើឡើង ក្នុងពេលលោកនិងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហប្រធានខាងភាគីចិន អញ្ជើញបើកកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
ការស្នើទៅចិនពីភាគីកម្ពុជាបែបនេះដែរ គឺការជាស្នើចំណុចសំខាន់មួយ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក្នុងកិច្ចប្រជុំ ដែលត្រូវបានរៀបចំឡើង នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តផែនការសម្រាប់រយៈពេល ២ឆ្នាំ បន្តទៀត (ឆ្នាំ២០២២-២០២៤)។
ពាក់ព័ន្ធនឹងវិស័យវប្បធម៌ កម្ពុជាបានស្នើភាគីចិនបន្តនូវគម្រោងជួសជុល ប្រាសាទភិមានអាកាស និងព្រះរាជវាំង អង្គរធំ ឆ្នាំ២០១៩-២០២៩ ស្តារគោបុរៈទី១, ២ និង ទី៣ នៃប្រាសាទព្រះវិហារ ព្រមទំាងផ្តល់ការបណ្តុះបណ្តាលមន្ត្រី-បុគ្គលិក ក្នុង វិស័យខាងលើនេះ។ បន្ថែមលើនេះ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ កម្ពុជាស្នើភាគីចិនពិភាក្សាឡើងវិញអំពីគម្រោង one-way and close-loop charted planes for tourists ដើម្បីសម្រួលការធ្វើដំណើររបស់ទេសចរនៃប្រទេសទាំងពីរ និងស្នើឱ្យមានទេសចរចិនមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត។
បើតាមការបញ្ជាក់ពីសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា និស្សិតខ្មែររៀននៅចិន បច្ចុប្បន្នមាន ១៧៥០នាក់។ ចំពោះនិស្សិតខ្មែរ ដែលទើបមកពីចិន ដែលមិនទាន់បានទៅរៀននៅចិនវិញមានប្រមាណ ១៧០០នាក់។
សូមជម្រាបថា បើគិតពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២១ មាននិស្សិតខ្មែរបានទៅរៀននៅចិន សរុបចំនួន ១៩១០នាក់ ស្រី ៤៦២នាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ដោយបន្ថែមថា ខាងលើនេះ ជាទិន្នន័យសិស្ស-និស្សិតដែលក្រសួងអប់រំ យុវជន និងកីឡា បានសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យមានការសិក្សានៅក្រៅប្រទេស៕