(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតមួយជូនលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី អ៊ូ វាសនា ត្រូវជាភរិយារបស់លោក។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ដូចនេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំចំពោះមរណភាពលោកជំទាវ អ៊ូ វាសនា ត្រូវជាភរិយារបស់ឯកឧត្តម ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយឯកឧត្តម កូនៗ និងចៅៗ ចំពោះការបាត់បង់ លោកជំទាវ អ៊ូ វាសនា ជាភរិយារបស់ឯកឧត្តម ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អ ប្រពៃ សម្រាប់កូនកូនប្រសារ ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់»។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា រូបកាយរបស់លោកស្រី អ៊ូ វាសនា បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់នូវអំពើ ជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម នៅដក់ជាប់មនោសញ្ចេតនាស្វាមី បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានបួងសួង សូមដួងវិញ្ញាណក្ខន្ធ លោកស្រី អ៊ូ វាសនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕