(ភ្នំពេញ)៖ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារទេសចរណ៍ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ បានរៀបចំជាស្តង់តាំងបង្ហាញអំពីសមិទ្ធផល និងឯកសារគោលនយោបាយស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩។ ការតាំងបង្ហាញនេះ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
លោក អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរងគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអនុប្រធានលេខាធិការដ្ឋាន បានឱ្យដឹងថា នៅតាមស្តង់នីមួយៗ គឺបានតាំងបង្ហាញ អំពីសមិទ្ធផលជារួមអំពីការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា នៅក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងឯកសារសារគោល នយោបាយសំខាន់មួយចំនួនទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានដាក់ចេញក្នុងនោះមានដូចជា៖ ឯកសារគោល នយោបាយជំរុញទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ រួមជាមួយនឹងផែនការយុទ្ធសាស្រ្តស្តីពី ការទទួលទេសចរណ៍វ៉ាក់សាំងជាដើម។
លោក អាំង សុវណ្ណរ័ត្ន បានបញ្ជាក់ទៀតថា នៅតាមស្តង់តាំងបង្ហាញនេះបានបង្ហាញជូនដូចជា៖
* ទី១៖ រាល់សមិទ្ធផលឯកសារគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៅក្នុងក្របខណ្ឌ នៃការខិតខំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ។
* ទី២៖ កិច្ចសហការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ការងារបារាំង AFD ក្នុងការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ និងការដាក់ចេញនូវកម្មវិធីពង្រឹង សកម្មភាព ពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍
* ទី៣៖ បង្ហាញអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងដែលក្រសួងទេសចរណ៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមអនុវត្ត ដោយផ្ទាល់ពីមជ្ឈមណ្ឌល កម្ពុជា ៤.០ នៅក្នុងការផ្តល់ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងការជំរុញទៅលើការរៀបចំកសាង អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យក្លាយទៅជាទេសចរណ៍ឆ្លាត ឱ្យស្របទៅនឹងតម្រូវការ រួមទាំងការចាប់យកសក្តានុពលពីឧស្សាហកម្ម ៤.០ផងដែរ៕