(ត្បូងឃ្មុំ)៖ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនដំបូង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ នេះជាលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ពេលអញ្ជើញជាគណៈអធិបតីជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នាឱកាសជួបសំណេះសំណាលជាមួយកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងបើកការដ្ឋានបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ខេត្តត្បូងឃ្មុំ ជាខេត្តប្រវត្តិសាស្រ្ត ដែលសម្តេចតេជោ បានសម្រេចចិត្ត និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ កាលពីឆ្នាំ១៩៧៧ ហើយខេត្តត្បូងឃ្ម ក៏ជាខេត្តមួយដែលរងផលប៉ះពាល់ច្រើនដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
អាជ្ញាធរមីន បានចាត់ទុកខេត្តត្បូងឃ្មុំនេះ ជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដើម្បីប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ក្នុងរយៈពេល ៦ខែខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យកងកម្លាំងរក្សាសន្តិភាព NPMEC ត្រូវបោសសម្អាត និងកំទេចគ្រាប់មីនឲ្យអស់ចេញពីទឹកដីដែលពោរពេញដោយប្រវត្តិសាស្រ្តនេះ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងរក្សាសន្តិភាព NPMEC ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងនាំយកទង់ជាតិកម្ពុជានៅឆាកអន្តរជាតិ ជាពិសេសចូលរួមផ្តល់នូវសុខសុវត្ថិភាព ផ្តល់សេចក្តីសុខ និងផ្តល់សុខដុមរមនាដល់ប្រទេស និងប្រជាជនទាំងឡាយណា ដែលធ្លាប់រងគ្រោះដោយសារសង្រ្គាមដូចកម្ពុជា និងដល់ប្រទេសណាដែលមានតម្រូវការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រជាជនគ្រប់ទិសទី បានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីននៅឆ្នាំ២០២៥។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ក្នុងនោះអាជ្ញាធរមីន បានប្រគល់គម្រោងបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ ជូនដល់ប្រតិបត្តិករ NPMEC ធ្វើការបោសសម្អាតចំការមីនឲ្យអស់ក្នុងរយៈពេល៦ខែ ដើម្បីប្រកាសជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងពីសម្តេចតេជោ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ថវិកាបោសសំអាតមីន, ពលរដ្ឋខេត្តត្បូងឃ្មុំដឹងគុណសម្តេចតេជោជាដរាប៕