(ឧត្តរមានជ័យ)៖ រថយន្តពណ៌ត្រេអីុ ពាក់ស្លាកលេខខេមរភូមិន្ទ ដោយមានផ្ទុកឈើក្រញូងជិត៣០០គីឡូក្រាម ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ដេញស្ទាក់ចាប់បាន ពេលកំពុងដឹកជញ្ជូនឈើនាំយកទៅលក់ ឲ្យឈ្មួញធំ។
ប្រតិបត្តិការដេញបង្ក្រាបរថយន្តយោធា ដឹកឈើក្រញូងនេះ បានធ្វើឡើងនៅយប់ ថ្ងៃ២៣ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក គួន រ៉ាឌី បានឲ្យដឹងថា រថយន្តពណ៌ត្រេអីុនេះ ពាក់ស្លាកលេខខេមរភូមិន្ទ០៦-២-០៤២២ ជារបស់អង្គភាពកងពលតូចលេខ៤១ មានបិទ Logo អង្គភាព និងមានផ្ទុកឈើក្រញូង ត្រូវបានបង្ក្រាប និងរឹបអូសបាន ក្រោមការចុះពួនស្ទាក់ ដោយធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃ រហូតឈានមកដល់ការបង្ក្រាបបានសម្រេចតែម្តង។
លោក គួន រ៉ាឌី បានបន្តឲ្យដឹងទៀតថា គ្រាចុះបង្ក្រាបជំនួញឈើក្រញូងនេះ សមត្ថកិច្ចដកហូតបានឈើក្រញូង មានចំនួន១២ដុំធំៗ មានទម្ងន់ស្មើនឹង២៣៥គីឡូក្រាម។
មន្រ្តីរដ្ឋបាលព្រៃឈើរូបនេះ បានបង្ហើបថា ម្ចាស់រថយន្តនេះ ត្រូវគេស្គាល់ឈ្មោះ ម៉ាត់ លី ជាមេបញ្ជាការគ៤ ចំណុះវរៈការពារព្រំដែនលេខ៤១៥ និងរថយន្តដឹកឈើនេះដឹកជញ្ជូនឈើក្រញូង ចេញពីតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចគ៥ គ្រប់គ្រងដោយលោស័ក្តិ៣ឈ្មោះ ឆើត កប៕