(ពោធិ៍សាត់)៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ក្នុងឧបទ្ទវហេតុ ទឹកហូរគួចធ្លាក់ចូលស្ទឹងនៅស្រុកវាលវែង បណ្តាលឱ្យស្លាប់ប្តី ប្រពន្ធ និងកូនស្រី ខណៈជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវ ចំពេលជំនន់ទឹកភ្លៀងហូរកាត់។ ពិធីបុណ្យសពត្រូវបានធ្វើឡើង នៅគេហដ្ឋាននៃសព ដែលស្ថិតក្នុង ភូមិ ឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វ៉ាន់ ហ៊ាង ក្នុងនាមលោក ជាវ តាយ និងលោកស្រី លាង ហៃ ជាវតាយ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះ ដោយក្តីក្រៀមក្រំ និងសេចក្តីនឹករឭកជាទីបំផុត។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយនឹងក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់នូវកូនប្រុស កូនស្រី បងប្អូនប្រុស បងប្អូនស្រី ជាពិសេសក្មួយៗ និងចៅៗជាទីស្រឡាញ់ស្មើជីវិត ដោយសារឧបទវហេតុខាងលើ។
លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេសគឺផ្តោតទៅលើការងារជួយសង្គ្រោះ ដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ គ្មានការរើសអើងជាតិសាស ប្រពៃណី សាសនា ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាក់ស្តែងដូចក្នុងករណីរងគ្រោះនេះជាដើម។
លោកបានបញ្ជាក់បន្ថែមថា អំណោយមនុស្សធម៌ ដែលបានឧបត្ថម្ភជូននាឱកាសនេះ ថ្វីត្បិតមានចំនួនតិចតួច ស្តួចស្តើង មិនបានសមទៅនឹងទំហំនៃការបាត់បង់សមាជិកគ្រួសារក៏ពិតមែន ប៉ុន្តែវាក៏អាចជួយសម្រាល នូវការលំបាកចំពោះមុខ របស់បងប្អូនបានមួយកម្រិតផងដែរ។ នាឱកាសនោះ លោកនាយកប្រតិបត្តិសាខា ក៏បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារសព សូមកុំអស់សង្ឃឹម ត្រូវខិតខំកាត់ចិត្ត ព្រោះហេតុការណ៍នេះ បានកើតឡើងរួចហើយ វាមិនអាចវិលត្រឡប់មកដូចដើមបានឡើយ គប្បីត្រូវបន្តខិតខំបំពេញការងារ ដើម្បីជីវភាពគ្រួសារ នឹងត្រូវគិតគូអំពីអនាគតបន្តទៀតទើបជាការល្អ។
អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់គ្រួសារសពរួមមាន៖ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ២កេស និងថវិកា៤០ម៉ឺនរៀល, អនុសាខាកាកបាទក្រហមស្រុក អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ជែលលាងដៃ១កេស និងថវិកា១០ម៉ឺនរៀល។
ក្រៅពីនោះលោក ជាវ តាយ និងលោកស្រី ក៏បានចាត់តំណាងនាំយកថវិកាផ្ទាល់ខ្លួនរបស់លោក សរុបចំនួន ២,៧០០,០០០រៀល មកប្រគល់ជូនគ្រួសារសព សម្រាប់ទូទាត់ថ្លៃមេន និងម្ឈូស ព្រមទាំងថវិកាដែលនៅសេសសល់ សម្រាប់ចូលបុណ្យសពផងដែរ។
គួររំលឹកថា កាលពីវេលាម៉ោង ០៦៖១៥នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥ និង១៥៦ ត្រង់ចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានឧបទ្ទវហេតុ ប្តីប្រពន្ធ និងកូន៣នាក់ ជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវ ចំពេលជំនន់ទឹកភ្លៀងហូរកាត់ បណ្តាលឱ្យគួចទាំងមនុស្ស និងម៉ូតូធ្លាក់ចូលស្ទឹង ដែលរហូតមកដល់រសៀលថ្ងៃនេះ សមត្ថកិច្ចទើបរកឃើញសាកសព២នាក់ ដោយឡែកសាកសពប្រពន្ធ ដែលមានផ្ទៃពោះ០៧ខែ សមត្ថកិច្ចកំពុងស្វែងរកបន្ត។
សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ទើបនឹងប្រទះឃើញនាព្រឹកថ្ងៃទី១៤ ខែកក្កដា ដោយមានលក្ខណៈហើមស្អុយរលួយ។ ជនរងគ្រោះមានឈ្មោះ៖
ទី១៖ ឈ្មោះ ជា សុខគឿន អាយុ៣៩ឆ្នាំ (ប្តី)
ទី២៖ ឈ្មោះ ចាន់ ភក្តី អាយុ៣៥ឆ្នំា (ប្រពន្ធមានផ្ទៃពោះ៧ខែ ដែលរកសពមិនទាន់ឃើញ
ទី៣៖ ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ អាយុ៣ឆ្នំា (ត្រូវជាកូន) ទាំង៣នាក់រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ៕