(សៀមរាប)៖ រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យគៀបស្លាប់អ្នកបើកបរ។ ហេតុការណ៍នេះស្ថិតលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូមែត្រលេខ៣៥៩ និង៣៦០ ក្នុងភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដោយរថយន្តមួយគ្រឿងនេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-2677 បើកបរដោយឈ្មោះ ផល សុភាព ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីលិចទៅកើត បានក្រឡាប់ខ្លួនឯងផ្ងារកង់ឡើងលើ បណ្តាលឲ្យអ្នកបើកបរស្លាប់។

ចំពោះមូលហេតុ នៃគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន និងមេឃកំពុងភ្លៀងធ្វើឲ្យរអិល។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕