(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអាវភ្លៀងចំនួន៣៦៤១អាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្របខែនេះជារដូវភ្លៀងធ្លាក់។

សម្រាប់ពិធីចែកអាវភ្លៀងជូនដល់កងកម្លាំងសមត្ថកិច្ចខាងលើនេះ ក៏មានការចូលរួមផងដែរពី នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ លោក សួន បវរ អភិបាលខេត្ត ស្នងការខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការយោធាខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងអាវុធជាច្រើននាក់ផ្សេងទៀត ដែលការចែកជូនអាវភ្លៀងនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរងកងពលថ្មើរជើងលេខ៥១បាន ថ្លែងអំណរគុណ និងសំដែងនូវគុណូបការៈគុណ ដ៏ថ្លៃថ្លាចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចំណាយធនធានផ្ទាល់ខ្លួន ជួយដល់កម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងនៅតាមព្រំដែន។

លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានថ្លែងថា ការចុះចែកអាវភ្លៀងជាអំណោយរបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដល់កងទ័ព និងកងកម្លាំងនគរបាលជាតិទិសទី១ ជាការឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់ របស់សម្តេចតេជោ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជានៃយើង។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រៀងរាល់ឆ្នាំតែម្តង មិនថារដូវភ្លៀង ក្តៅ រងា សម្តេចតេជោហ៊ុន សែនតែងតែយកចិត្តទុកដាក់ ដល់កងទ័ពនៅសមរភូមិមុខមិនដែលដាច់នោះទេ ហើយតែងតែគិតគូគ្រប់ពេលវេលា​ ចំពោះការរស់នៅប្រចាំថ្ងៃ របស់កងកម្លាំងគ្រប់ប្រភេទ៕