(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ញើសារលិខិតជូន លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ លោក អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងសារលិខិតនេះ លោកបណ្ឌិត ថោង ខុន បានលើកឡើងថា៖ ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃក្រសួងទេសចរណ៍ មានសេចក្តីតក់ស្លុត និង រន្ធត់ចិត្តក្រៃលែង ដោយទទួលដំណឹងថា ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន ទទួលមរណភាពកាលពីថ្ងៃពុធ ១៥កើតខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១:៥០ នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃក្រសួងទេសចរណ៍ សូមចូលរួមសម្តែងនូវ សេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យបំផុត ជាមួយ លោកជំទាវកិត្តិបណ្ឌិត និងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តម អ៉ឹង គៀត ដែលជាស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីស្រលាញ់បកប ដោយព្រហ្មវិហារធម៌ និងជាឥស្សរជនដ៏ឆ្នើម ដែលបានរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍ ប្រទេសជាតិឱ្យមានភាពរីកចម្រើនជារៀងរហូតមក។
យើងខ្ញុំទាំងអស់គ្ន សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ឋិក្នុងលោក និងគុណបុណ្យព្រះរតនត្រ័យ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹង គៀត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕