(ព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តបន្តនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងរងគ្រោះជំនន់ទឹកភ្លៀង១៩គ្រួសារ ស្ថិតនៅស្រុកចំនួន២ គឺស្រុកកំពង់សីលា ឃុំកំពង់សីលា រងគ្រោះដោយជំនន់ទឹកភ្លៀង១៧គ្រួសារ រីឯស្រុកព្រៃនប់ ឃុំអូរឧកញ៉ាហេង មាន២គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់។
ក្នុងឱកាសនោះលោកស្រី ប្រាក់ ច័ន្ទសុខា បានផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ យកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ហើយលោកស្រីបានសំដែងការសោកស្ដាយចំពោះការប៉ះពាល់ផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកស្រីបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែល បាននាំយកមកចែក ជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់គ្រួសារបងប្អូនឡើយ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារបងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅទីនេះថា សូមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ នៅពេលកំពុងជួបគ្រោះទឹកជំនន់ ជាពិសេសក្មេងៗមិនត្រូវបណ្តោយឱ្យលែងទឹកនោះទេ ព្រោះអាចមានផលប៉ះពាល់ ដល់អាយុជិវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចជាកន្លែងយើងស្នាក់នៅជាដើម ប្រសិនបើមានបញ្ហាអ្វីកើតមានឡើងសូមបងប្អូន ប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរដែលនៅប្រចាំកាជិតទីតាំងបងប្អូនបំផុត។
ឈ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» និង២ចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ជែល ១ដប ម៉ាស់ក្រណាត់ ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល៕