(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២២ រវាងរថយន្តកុងទីន័របុកម៉ូតូកង់បីឥណ្ឌា ហើយម៉ូតូកង់បីឥណ្ឌាបន្តទៅបុកខ្ទប់រថយន្តធន់ធំមួយទៀត បណ្តាលឱ្យបុរសម្នាក់បានរងរបួស នៅលើវិថីផែត្រង់ចំណុចមុខឌីឌីម៉ាត ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា មានរថយន្តកុងទីន័រ០១គ្រឿង ម៉ាក FREIGTLINER ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 3D-9642 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយបើកបរទិសដៅពីចំណោតលោកយាយម៉ៅ ឆ្ពោះទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីខាងក្រោយ ម៉ូតូកង់បីឥណ្ឌា ០១គ្រឿង ម៉ាក BAJAJ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 1I-1650។
អ្នកបើកឈ្មោះ ខេង អ៊ីយិ អាយុ៤០ឆ្នាំ មុខរបររត់ផាស់អាប់ មានទីលំនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈម្ចាស់ម៉ូតូកង់បីឥណ្ឌាកំពុងចតទម្លាក់អីវ៉ាន់ ហើយក៏រុញម៉ូតូកង់បីឥណ្ឌាទៅបន្តបុកខ្ទប់ពីក្រោយ រថយន្តធន់ធំមួយគ្រឿងទៀត ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7895 អ្នកបើកបរឈ្មោះ ហឿន ពុទ្ឋា អាយុ៣២ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិត្រពាំងព្រៃ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈរថយន្តកំពុងចតប៉ះកង់ ហើយម្ចាស់រថយន្តក៏ឈរពីក្រោយរថយន្តផងនោះ បានបណ្តាលឱ្យរងបួស។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព 888 ឃ្លាំងលើ។ រីឯវត្ថុតាង រថយន្តចំនួន ០២គ្រឿង និងផាសអាប់១គ្រឿង ត្រូវបាននគរបាលចរាចរណ៍យកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្ត៕