(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក តូច ចាន់នី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំកណ្តោលជ្រុំ បានជួបសំណេះសំណាលជាមួយលោកយាយលោកតា នៅក្នុងវត្តកណ្តោលជ្រុំ ស្ថិតក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងពិធីប្រគេនទៀនព្រះវស្សាជូនព្រះសង្ឃ។

នាឱកាសនោះដែរលោក តូច ចាន់នី បានថ្លែងថា៖ «កត្តាសុខសន្តិភាព បាននាំមកការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ មិនថាវិស័យពុទ្ធចក្រ និងអាណាចក្រ ដូច្នោះយើងរួមគ្នាថែរក្សាអ្វីដែលមាន និងបន្តការអភិវឌ្ឍន៍ជារាជរដ្ឋាភិបាល បច្ចប្បន្នបន្តទៀត»

លោកប្រធាន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមា និងថ្លែងអំណរគុណដល់លោកយាយលោកតា ប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លងមករហូតដល់បច្ចប្បន្ន ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំសុខសន្តិភាពមកនូវជូនយើងទាំងអស់គ្នា។ «កត្តាសុខសន្តិភាពនេះ ហើយដែលបានធ្វើឲ្យប្រជាជនមានសិទ្ធិដើរហើរពេញលេញ អាចជួបជុំគ្នាដូចពេលនេះ ធ្វើបុណ្យរួមគ្នា កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់ តែជឿនលឿនទៀត»

បន្ថែមពីនេះលោក តូច ចាន់នី បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដូចពេលនេះបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនពលរដ្ឋខ្លួនដោយឥតគិតថ្លៃទៀត ពីដូសទី១ ដូសទី២ ទី៣ ទី៤ និងដូសជំរុញដូសទី៥ទៀត ដើម្បីប្រឆាំងការត្បាតជំងឺកូវីដ១៩»

សូមជម្រាបថា ទៀនព្រះវស្សា និងទេយ្យទានរបស់លោក វង សូត្រ តាមរយៈ លោក តូច ចាន់នី និងលោក លោកស្រី អនុប្រធានក្រុមការងារ ដែលត្រូវប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ៨វត្ត ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រគេនទៀនវស្សា និងទ័យទាន ក្នុង១វត្តៗទទួលបាន៖ ទៀនវស្សាចំនួន ២គូរ, ស្លាដក់ ចំនួន១, អង្ករចំនួន ៥០គីឡូក្រាម, មីចំនួន ២កេស, ទឹកត្រី ចំនួន២យួរ, ទឹកសុីអុីវ ចំនួន ២យួរ, ត្រីខ ចំនួន ០២យួរ, ទឹកបរិសុទ្ធ ចំនួន ០២កេស, ម៉ាស១កេះធំ។ ក្នុងមួយវត្តៗ ទទួលបានទៀនព្រះវស្សាចំនួន ០១គូរ និងបច្ច័យចំនួន៣៨៥.០០០រៀល ដោយឡែកវត្តកណ្តោលជ្រុំ បច្ច័យ ៤៨៥.០០០រៀលផងដែរ។

លោក តូច ចាន់នី និងលោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ក៏បានបន្តចុះប្រគល់អំណោយនៅ សាលបឋមសិក្សាទួលវិហារ របស់អង្គការ មីលនិធិសប្បុរសធម៌ ឆឺជី តាមរយៈលោកប្រធាន ជាសូឡា៣៦ឈុត ម៉ាស២កេះធំ សៀវភៅ ភាសិតភក្ខុនីជីងយៀន ១៥០ក្បាល សៀវភៅអប់រំ ១៤៧ក្បាល ទស្សាវដ្តី ២០ក្បាល៕