(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដំបូលផ្សារតាមតូបនីមួយៗប៉ែកខាងមុខ ត្រូវឲ្យមន្ទីរជំនាញសិក្សាគ្រោងនឹងរត់ដំបូលទៅតាមស្តង់ដារ ដោយមានការសហការ និង ចូលរួមពីអាជីវករ ជាងនេះទៅទៀតអ្នកទទួលម៉ៅការស្ថាបនា ធ្វើយ៉ាងណាឲ្យមានគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និង ផាសុខភាព។
ការថ្លែងឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសលោក អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជីវករ និង ផ្តល់គោលការណ៍លើបច្ចេកទេស នៃការស្ថាបនាសាងសង់ដំបូលផ្សារថ្មី ព្រមទាំងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ លើទីតាំងមួយចំនួនក្នុងក្រុងពោធិ៍សាត់ ក្រោយភ្លៀងធ្លាក់រួច នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
លោកអភិបាលខេត្ត បានឲ្យដឹងថា ជាគោលគំនិតរបស់លោក ត្រូវរៀបចំដំបូលផ្សារតាមតូបនីមួយៗ ប៉ែកខាងមុខទៅតាមស្តង់ដារ ឲ្យមានគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងផាសុខភាព ដើម្បីឲ្យបងប្អូនអាជីវករយើង រកស៊ីលក់ដូរប្រកបដោយសុខដុមរមនា។
លោកបានឲ្យដឹងទៀតថា ប្រព័ន្ធលូផ្លូវលេខ១០៤ និង១០៧ លោកបានចាត់ឲ្យមេភូមិ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ចូលរួមទិញឥដ្ឋដាក់តាមមុខផ្ទះរៀងៗខ្លួន ដើម្បីឲ្យមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត ធ្វើការរៀបចំគម្របលូ និងចាក់គ្រួសក្រហមជាជំហានដំបូង រង់ចាំចាក់ប៉េតុងជូននាពេលក្រោយ។
លោកបានបន្ថែមថា រង្វង់មូលផ្លូវបំបែកជាប្រាំច្រមុះជ្រូក ត្រូវដាក់ភ្លើងបំភ្លឺ ៣ជ្រុង ឲ្យដូចជាមុំចង្ក្រាន ហើយលោកនឹងផ្តល់អេកូម និងបង់អង្គុយសម្រាប់ប្រជាការពារ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនយើងនាពេលយប់។ ចំពោះប្រព័ន្ធលូផ្លូវចំការចេកខាងជើង ក្រោយស្ថានីយ៍ទូរទស្សជាតិកម្ពុជា ខេត្តពោធិ៍សាត់ ដែលរៀបចំរួចរាល់ហើយនោះ លោកនឹងឲ្យក្រុមហ៊ុនម៉ៅការអគ្គិសនីបន្តរៀបចំបង្គោលភ្លើងជូនតាមសំណូមពរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នយើងបាននឹងកំពុងស្ថាបនា សាងសង់សួនច្បារតាមមាត់ស្ទឹង ក្នុងជំហាន១ ជិតរួចរាល់ហើយ សម្រាប់ជំហាន២ លោកនឹងរៀបចំផ្លូវថ្មើរជើងតាមមាត់ស្ទឹងបន្តទៀត ឲ្យបានស្អាតល្អ និងមានសោភ័ណ្ឌភាពទាក់ទាញជាទីបំផុត។ លោកបានបញ្ជាក់ទៀតថា សមិទ្ធផលជាច្រើន ដែលបានលេចចេញជារូបរាងឡើង គឺក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឃើញថាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មានការគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំគ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និងម៉ឺងមាត់របស់លោក ម៉ៅ ធនិន ហើយក៏សង្ឃឹមថាខេត្តពោធិ៍សាត់នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃនោះទេ៕