(ភ្នំពេញ)៖ នៅលើគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងនៅយប់ថ្ងៃទី២៤ ខែឧសភានេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៤ ដែលជាឱកាសពិសេស សម្រាប់យុវជន យុវនារីកម្ពុជា បានមកដល់ទៀតហើយ ដោយកម្មវិធីនេះ ចាប់ផ្តើមអនុញ្ញាតឲ្យចុះឈ្មោះ ចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
Facebook របស់សម្តេចតេជោ បានឲ្យដឹងទៀតថា ចំពោះយុវជនយុវ នារីដែលមានស្នាដៃល្អក្នុងសង្គម ឬកំពុងធ្វើសកម្មការងារមនុស្សធម៌ បានចាប់ផ្តើមបន្តទៀតហើយ ដូចច្នេះប្រសិនបើជាប្អូនៗ យុវជន យុវនារី និងប្រជាពលរដ្ឋចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមផ្ញើវីដេអូសកម្មភាព អត្តបទ កំណាព្យ ឬគំនូរមកកាន់កាន់វេបសាយ (Website) ខាងក្រោម៖ http://samdechhunsen.gov.kh/khmer_youth_role_model/login.php
កម្មវិធីនេះ គឺគាំទ្រលើកស្ទួយ និងជំរុញយុវជន យុវនារីក្លាយ ជាពលរដ្ឋគំរូល្អក្នុងសង្គម។ ចំពោះយុវជនជ័យលាភីទាំង១០នាក់ នឹងទទួលបាននូវប័ណ្ណសរសើរ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រាក់រង្វាន់ជាច្រើនទៀត។ កិត្តិយស និងរង្វាន់ធំ! នៅខែមិថុនា ២០១៦ខាងមុននេះ នឹងបើកឲ្យមានការប្រកួតប្រជែងយករង្វាន់ធំ គឺរង្វាន់ម៉ូតូ១គ្រឿង!។ លក្ខខ័ណ្ឌចូលរួមប្រកួតប្រជែង នឹងជំរាបជូននៅពេលដ៏ខ្លីខាងមុខនេះ។ កម្មវិធីរងា្វន់ធំនេះ គឺសម្រាប់យុវជនយុវតី ដែលបានធ្វើសកម្មភាពល្អ ក្នុងសង្គមរួចហើយ។
សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរៀបចំ៣វគ្គរួចមកហើយ ដោយមានយុវជន យុវនារីជាច្រើនរូបចូលរួម ប្រកួតប្រជែង។ ម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីនេះវគ្គទី១ បានទៅលើបេក្ខជន មកពីសាលាប៊ែលធី គឺលើប្រធានបទប្រភេទ Video អប់រំ «មិត្ត»។ ម្ចាស់ជ័យលាភីវគ្គទី២ បានទៅលើ កញ្ញា ហង្ស ម៉ារីនី ដែលបានផលិតវីដេអូ ស្តីពីការ «រៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ» និង ម្ចាស់ជ័យលាភីវគ្គ៣ បានទៅលើបេក្ខជន ឃឹម ច័ន្ទសុវិរៈ ប្រធានបទកំណាព្យ «ទឹកចិត្តយុវជន»៕