(ភ្នំពេញ)៖ កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិចចំនួន៣គោលដៅជាបន្តបន្ទាប់។

ទីតាំងទាំង៣ដែលត្រូវបានចុះបង្ក្រាបនោះរួមមាន៖

* ទីតាំងទី១៖ នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ (ចែកចាយ)។
* ទីតាំងទី២៖ នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួត (បឹងស្នោ) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ដាក់តាំងលក់ ឧបករណ៍បារីអេឡិចត្រូនិច)។
* ទីតាំងទី៣៖ នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត (បឹងស្នោ) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្តុកឧបករណ៍បារីអេឡិចត្រនិច)។

ជាលទ្ធផល បានអញ្ជើញមនុស្ស ០៣នាក់៖ ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ភួង ចេងយី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ភាវ ផង់ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ និងវត្ថុតាងចាប់យកបានឧបករណ៍សម្រាប់ជក់ YOOZ(E.CIGARETTE)ចំនួន ៨៦កេស ស្មើ ៥៤០០ដើម, ទឹកសម្រាប់ជក់ YOOZ (E.CIGARETTE) ចំនួន១០៥កេស ស្មើ៤០៥០ប្រអប់ (១២១៥០ដប)

បច្ចុប្បន្ន មនុស្ស៣នាក់ខាងលើ បានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្ម រួចអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាងចាប់យកខាងលើរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀន រង់ចាំមានគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោល៕