(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានផ្ញើសារចូលរួមផ្ញើជូន ប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយអបអរសាទរដល់កីឡាការិនីកម្ពុជា ដែលដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា លទ្ធផលគួរជាទីមោទនភាពសម្រាប់ជាតិ និងមាតុភូមិរបស់យើង នាពេលនេះរួមមាន ការដណ្តើមបានមេដាយមាស ដោយវីរកីឡាការនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយយកពិន្ទុ និងការឈ្នះមេដាយមាសលើវិញ្ញាសារ ២នាក់ទល់២នាក់ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ជ័យជម្នះនេះ គឺជាការបន្តបើកទំព័រកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ឬសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក World Games ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក ដែលមាន ១១០ប្រទេស ចូលរួមប្រកួតប្រជែង ដែលមានអត្តពលិកប្រមាណ ៣ ៦០០នាក់។
ដើម្បីអបអរសាទរ និងរួមចំណែកលើកទឹកចិត្តកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា សម្តេចសូមជូនថវិកាចំនួន ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាមរិក) តាមរយៈប្រធានប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដើម្បីចាត់ចែងប្រគល់ជូនបងប្អូន។
សម្តេចសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី រួមទាំងប្រតិភូ និងសូមជូនពរប្រតិភូ និងក្រុមកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ សូមធ្វើដំណើរមកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ៕