(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិតចំនួន ៩៧៤នាក់ នៃសហគ្រាសទាំង១៣ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់ វិធានការរបស់រាជរដ្ឋាភិបាល ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៨៤ ជូនពួកគាត់។
ក្រសួងបញ្ជាក់ថា ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលកម្មករបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖
* ១២១ ៥០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
* ១៦២០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ក្រសួងសូមរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើក ប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ៕