(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្នែកខាងលើខេត្តពោធិ៍សាត់ បានស្រកចុះអស់ហើយ ខណៈទឹកបានហូរធ្លាក់តាមស្ទឹងពោធិ៍សាត់ចូលក្រុង។ ឆ្លើយតបបញ្ហានេះ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានបើកទ្វារបញ្ចៀសទឹកចេញទៅតាមប្រឡាយ ខណៈកម្លាំងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានត្រៀមខ្លួនរាល់ហើយ ដើម្បីប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋរស់នៅតាមបាត់ស្ទឹងពោធិ៍សាត់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា «បើតាមការវាយតម្លៃរបស់ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តពោធិ៍សាត់ ប្រសិនបើនៅយប់នេះមេឃមិនភ្លៀងនោះស្ថានភាពទឹកនៅក្រុងពោធិ៍សាត់នឹងអាចស្រកចុះវិញ ខ្ទង់១២យប់ ឬ១ឈានចូលថ្ងៃទី១៥ ខែកក្កដា ដូច្នេះ ជុំវិញស្ថានភាពជំនន់ទឹកភ្លៀងនេះ មិនទាន់មានហានិភ័យខ្លាំងនៅឡើយទេ»។
ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ពីការត្រៀមខ្លួនជួយពលរដ្ឋរងគ្រោះយ៉ាងដូច្នេះ៖ «យើងបានត្រៀមកងកម្លាំងអន្តរាគមន៍លេខ១៤ ដែលឈរជើងទីនោះ ព្រមទាំងកម្លាំងប្រដាប់អាវុធរបស់យើងនៅក្នុងខេត្ត ក៏បានត្រៀមខ្លួនរួចជាស្រេច ដែលជាឆ្អឹងខ្នងរបស់សម្តេចតេជោ ហ៊ុន សែន ហើយមកដល់ម៉ោងនេះខេត្តក៏មិនទាន់សុំណូមពរដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយអន្តរាគមន៍នោះដែរ»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ ដើម្បីចៀសវាងបញ្ហាណាមួយកើតឡើងជាយថាហេតុ។
ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានតាមដានជាប់ពីស្ថានភាពទឹកនេះ ដោយមានណែនាំដល់មន្ត្រីមូលដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ពីការវិវត្តន៍នៃស្ថានភាពជំនន់ទឹកភ្លៀងនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យលិចលង់ ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែកក្កដានេះថា សម្រាប់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មកដល់វេលាម៉ោង៦នាទីល្ងាច ទឹកបានឡើងដល់កម្ពស់៥.២៥ម៉ែត្រ ប៉ុន្តែ ទឹកស្ទឹងខាងលើក្នុងស្រុកវាលវែង បានស្រកអស់ហើយ ហើយចុះមកខាងក្រោមស្រុកភ្នំក្រវាញ ទឹកចាប់ផ្តើមស្រកបាន១តឹក ដូច្នេះ ទឹកនៅចំណុចស្ទឹងពោធិ៍សាត់ វាអាចកើនឡើងបន្ថែមទៀត ក្នុងចន្លោះ ៥.៣០ ដល់៥.៤០ម៉ែត្រ ហើយចាប់ពីពាក់កណ្តាលអាធ្រាតទឹកចាប់ផ្តើមនឹង និងស្រកចុះបន្ថែមទៀត។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កន្លងមកស្ថានភាពទឹកកម្ពស់ត្រឹម ៥ម៉ែត្រ វាចាប់ផ្តើមគំរាមកំហែង ហើយកម្ពស់ទឹកលើស៥ម៉ែត្របន្តិច ទឹកនឹងចាប់ផ្តើមហៀរចូលមកក្នុងក្រុងពោធិ៍សាត់ ប៉ុន្តែ បច្ចុប្បន្ននេះ ដោយសារតែការជួសជុលសួនច្បាររនាំងការពារច្រាំងស្ទឹង លូដែលត្រូវបានបិតជិតដែលធ្វើឱ្យទឹកមិនទាន់ហូរចូលក្នុងក្រុងពោធិ៍សាត់នោះទេ៕
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៤ ខែកក្កដានេះ ស្ថានភាពស្តឹងពោធិ៍សាត់ មានកម្ពស់ ៥.២៥ម៉ែត្រ, សឹ្ទងក្រវាញ កម្ពស់៤.១៩ម៉ែត្រ, សឹ្ទងវាលវែង មានកម្ពស់ ១.៨០ម៉ែត្រ៕