(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានពន្យល់ថា ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ធម្ម នុញ្ញបន្ថែម នាពេលនេះ មិនបានប៉ះពាល់ទៅដល់គោលការណ៍គ្រឹះរបស់រដ្ឋធម្មនុញ្ញនោះឡើយ។
ថ្លែងក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា វិសោធនកម្មលើកទី១០នេះ គឺធ្វើឡើងដើម្បីបំពេញចន្លោះខ្វះខាតក្នុងរដ្ឋធម្មនុញ្ញ ដែលយើងបានមើលឃើញទាំងអស់គ្នា។
លោកបានបញ្ជាក់ថា ការធ្វើវិសោនធកម្មនេះ គឺដើម្បីធានាដំណើរការដល់ស្ថាប័នជាតិ ដែលធ្វើឱ្យកិច្ចដំណើរការប្រព្រឹត្តទៅដោយល្អរលូន ប្រកបដោយនិរន្តរភាព ក្នុងទិសដៅការពារនូវឧត្តមប្រយោជន៍ជាតិ ហើយជាពិសេសគឺធានានូវ សន្តិភាពស្ថិរភាព សេចក្តីសុខសានរបស់ប្រជាជន ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។
លោកបានបន្តថា ការកែវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្ម នុញ្ញ គឺរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំតាមបែបសភានិយមនៅកម្ពុជា ហើយក៏ពុំបានធ្វើឡើងក្នុងពេលដែលប្រទេសជាតិមានភាពចលាចលនោះឡើយ។
លោករដ្ឋមន្រ្តី បានច្រានចោលចំពោះមតិដែលចង់ឱ្យមានការធ្វើប្រជាមតិមុន កែរដ្ឋធម្មនុញ្ញ ដោយសារតែរដ្ឋធម្មនុញ្ញកម្ពុជា មិនបានចែងថា ត្រូវតែធ្វើប្រជាមតិទើបអនុញ្ញាតឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ។ លោកថាប្រសិនបើធ្វើប្រជាមតិនោះវានឹងខុស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបើកកិច្ចប្រជុំពេញអង្គ រៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ដោយពុំប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យឡើយ៕