(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា និងប្រតិភូអមដំណើរនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត នាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។
ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ពិសេសក្នុងបរិបទកូវីដ១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នៅតែងតែយកចិត្ដទុកដាក់ ហើយគិតគូរខ្វល់ខ្វាយពីការខ្វះខាត របស់ព្រះសង្ឃនៅតាមវត្ដអារ៉ាម ជាក់ស្ដែងពិធីបុណ្យចូលព្រះវស្សាឈានមកដល់នេះ។
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។
សម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនានៅកម្ពុជា និងព្រះចៅអធិការវត្ដ បានមានព្រះពុទ្ធដិការ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថានៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម។
ទន្ទឹមនឹងនោះ សម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង និងព្រះសង្ឃ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យកម្ពុជា ចៀសផុតពីជំងឺកូវីដ-១៩ នឹងនាំមកនូវភាព សុខដុមរមនាដល់ប្រទេសជាតិជារៀងរហូត និងសូមឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតាមាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ៕